រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ ផ្សព្វផ្សាយពីតួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ក្នុងវេទិកាពិគ្រោះយោបល់ ឆ្លើយតបទៅនឹងក្តីកង្វល់ របស់សហគមន៍មូលដ្ឋានឃុំសន្ទ្រែ

  • 315
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកភ្នំក្រវាញ សហការជាមួយអង្កការស្តារកម្ពុជា នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ ស្តីពីការពិភាក្សា និងការឆ្លើយតបទៅនឹងកង្វល់ របស់សហគមន៍មូលដ្ឋាន លើបញ្ហាដីធ្លី ការគ្រប់គ្រងធម្មជាតិ ការផ្តល់សេវាសាធារណៈ និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ មកពីភូមិក្សេត្របូរី តំបន់មល់ តំបន់រាំងខ្វាវ និងតំបន់ជើ សរុបប្រមាណ៩៧នាក់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅបរិវេណវត្តក្សេត្របូរី ភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់, លោក តាន់ គារិទ្ធិ អធិការនគរបាលស្រុកភ្នំក្រវាញ, លោក អ៊ុំ សាមិ ប្រធានក្រុមប្រឹក្សាឃុំសន្ទ្រែ, មន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រវាញ, ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក និងមន្ត្រីដែលមានការពាក់ព័ន្ធមួយចំនួនទៀត។

គោលបំណងនៃការធ្វើវេទិកាខាងលើនេះ គឺដើម្បីបង្កើនការសហការ ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងការដោះស្រាយនូវរាល់បញ្ហារបស់សហគមន៍មូលដ្ឋាន, បង្កើត និងផ្តល់ឱកាសដល់សហគមន៍រងគ្រោះ បានជួប និងពិភាក្សាជាមួយអាជ្ញាធរ ដើម្បីលើកនូវកង្វល់របស់ខ្លួន និងស្វែងរកដំណោះស្រាយ ពីអ្នកពាក់ព័ន្ធ អាជ្ញាធរ និងធ្វើការផ្សព្វផ្សាយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសុវត្ថិភាពចរាចរផ្លូវគោក។

បញ្ហាប្រឈម ដែលប្រជាពលរដ្ឋមានសំណូមពរ និងស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច នាពេលនោះរួមមាន៖

ទី១-ស្នើសុំផ្លូវ, ភ្លើងអគ្គិសនី ពីក្សេត្របូរីទៅតំបន់រាំងខ្វាវ ឆ្លងកាត់តំបន់ជើ និងតំបន់មល់

ទី២-សុំបើកផ្លូវចុះទៅស្ទឹង ដែលប្រជាពលរដ្ឋបានបិទ នៅចំណុចស្រែក្បាលដំរី

ទី៣-ស្នើសុំដោះស្រាយជម្លោះដីធ្លី សម្រាប់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលបុគ្គលឈ្មោះ ប៉ាច សុខជា ធ្វើការស៊ីឈ្មួលឈូសឆាយ

ទី៤-សុំអន្តរាគមន៍ដោះស្រាយដី ដែលក្រុមហ៊ុនភាពីម៉ិច ឈូសឆាយយក

ទី៥-សូមរដ្ឋបាលភូមិ ឃុំ យកកម្រៃសេវាតិចតួច ចំពោះការចុះហត្ថលេខាធ្វើប្លង់ទន់

ទី៦-សុំពន្យល់ពីគម្លាតទំហ៊ុំអក្សផ្លូវ  

ទី៧-ស្នើសុំផ្លូវមួយខ្សែ ប្រវែង៤គីឡូម៉ែត្រ

ទី៨-ស្នើសុំមេភូមិ ជួយទទួលស្គាល់សមាជិកភូមិ ដែលផ្ទេរមកពីភូមិផ្សេង

ទី៩-ស្នើសុំជួយការពារព្រៃ ដែលនៅតំបន់ការពារធម្មជាតិរាំងក្វាវ

ទី១០-បញ្ហាស្ពានដែលបង្កហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ អាជ្ញាធរសូមប្រជាពលរដ្ឋសហការចូលរួមជួសជុល

ទី១១-ស្នើសុំគ្រប់គ្រងមនុស្ស ដែលស្នាក់នៅបណ្តោះអាសន្ន ព្រោះអាចបង្កហានិភ័យ ដល់អាយុជីវិតពលរដ្ឋដែលនៅមូលដ្ឋាននោះ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ ធ្វើការដោះស្រាយចំពោះសំណូមពរ និងផ្សព្វផ្សាយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋនោះរួចមក, លោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធី និងវាយតម្លៃខ្ពស់ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវការផ្សព្វផ្សាយ ពីតួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួន ជូនអាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយជូន ឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃបានទាន់ពេលវេលា។ ជាមួយគ្នានោះ លោកក៏បានជម្រុញដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ សូមទៅចូលរួមទទួលវ៉ាក់សាំងដូសជម្រុញ ទី៤ ឬទី៥ តាមការស្ម័គ្រចិត្ត ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩បំប្លែងថ្មី និងសូមឱ្យជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

Ti Amo (ពស)

អត្ថបទទាក់ទង