រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ប្រារព្ធពិធីចម្រើនព្រះជន្មសម្តេចម៉ែ ៨៦យាងចូល៨៧វស្សា

  • 7
  • ដោយ Admin

(ពោធិ៍សាត់)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំពិធីសូត្រមន្ត និងប្រគេនទេយ្យទានព្រះសង្ឃ នៅវត្តកែវវិជ័យ ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង និងវត្តលលកសចាស់ ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ 

ពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ត្រូវបានរៀបចំឡើងក្រោមវត្តមាន លោក កាង ប៉េងហាក់ អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា លោក លោកស្រី សមាជិក សមាជិកាសាខា យុវជនកាកបាទក្រហមខេត្ត យាយជី តាជី និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តនោះរួចមក លោក​ កាង ប៉េងហាក់​ អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអានសារថ្វាយព្រះពរ ដោយមានខ្លឹមសារថា ទួលបង្គំខ្ញុំក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៅក្នុងសាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុក ក្រុង មានសេចក្តីសោមស្សរីករាយ ក្នុងឱកាសដ៏សែនថ្លៃថ្លាបំផុត នៃទិវាប្រារព្ធពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងពេលនេះ។ ក្នុងទិវាដ៏ឧត្តុង្គឧត្តម និងមហាថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមថ្វាយព្រះពរបរវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេរបួងសួងគុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រនិងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រត្រីយានីខ្មែរគ្រប់ព្រះអង្គ និងព្រះបរមរតនកោដ្ឋ សូមជួយប្រោសប្រសិទ្ធិពរ បីបាច់និងអភិបាលរក្សាព្រះអង្គជាទីគោរពសក្ការៈ សូមឱ្យព្រះអង្គមានព្រះរាជសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ និងទ្រង់បំពេញព្រះរាជកិច្ច ក្នុងព្រះនាមជាព្រះប្រធានកិត្តិយស កាកបាទ ក្រហមកម្ពុជា ទទួលបានព្រះមហាជោគជ័យ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ក្នុងព្រះនាមព្រះវររាជមាតា នៃប្រជារាស្ត្រខ្មែរ ជានិរន្តរ៍តរៀងទៅ។ 

នៅក្នុងពិធីនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃវត្តកែវវិជ័យ និងវត្តលលកសចាស់ដោយក្នុងមួយវត្ត អង្ករ១០០គីឡូក្រាម មី៤កេស ទឹកបរិសុទ្ធ៤កេស ត្រីខ៤យួរ និងបច្ច័យ២០ម៉ឺនរៀល ព្រមទាំងចង្ហាន់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង