រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សិក្ខាសាលា ស្តីពីការយល់ដឹងពីការធ្វើអាជីវកម្ម របស់សភាពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់ នៅខេត្តពោធិ៍សាត់

  • 278
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំសណ្ឋាគាររីវើសាយពោធិ៍សាត់ ដោយបានការចូលរួមពី សមាជិក សមាជិកា សភាពាណិជ្ជខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អង្គភាព ក.ប.ប ខេត្ត តំណាងអាជីវករ សេវាករ និងដៃគូរសហការ ដែលមានការពាក់ព័ន្ធមួយចំនួនទៀត។

លោក កែវ រិទ្ធី អនុប្រធានសភាពាណិជ្ជកម្មខេត្ត តំណាងលោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ បានថ្លែងថា សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ គឺជាស្ថាប័នវិស័យឯកជន និងជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរុញច្រានសេដ្ឋកិច្ចជាតិ ឱ្យមានកំណើនរីកលូតលាស់ជាបន្តបន្ទាប់។ សភាពាណិជ្ជកម្មខេត្ត មានតួនាទីភារកិច្ចបម្រើផលប្រយោជន៍ឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជករ អាជីវករ សេវាករ និងសេវាកម្ម ដើរតួរជាអាជ្ញាកណ្តាល ក្នុងការសម្របសម្រួល ដោះស្រាយវិវាទតាមផ្លូវច្បាប់ជាមួយអាជ្ញាធរដែនដី និងប្រមុខរាជរដ្ឋភិបាល។ ជាមួយគ្នានោះ ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រភពសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស បង្កើនការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យកាន់តែរឹងមាំលើការងារធ្វើអាជីវកម្ម កាន់តែមានភាពងាយស្រួល និងមានទំនុកចិត្ត។

លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានជម្រាបជូនអំពីស្ថានភាព និងសក្តានុពលក្នុងខេត្ត ព្រមទាំងបានផ្តាំផ្ញើដល់ពាណិជ្ជករ និងអាវជីវករទាំងអស់ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ហើយអង្គភាព ក.ប.ប ខេត្ត ត្រូវបន្តចុះពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់រាល់ទំនិញដែលលក់នៅលើទីផ្សារ ទាំងទំនិញប្រើប្រាស់ និងទំនិញហូបចុកប្រចាំថ្ងៃ ត្រូវធ្វើតាមបច្ចេកទេសទំនើបបែបធម្មជាតិ មិនត្រូវគេងប្រវ័ញ្ច ឬលួចដាក់លាយសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ ឬសុខភាពអ្នកប្រើប្រាស់ឡើយ។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា សិក្ខាសាលានាពេលនេះ ធ្វើឡើងក្នុងគោលបំណងឱ្យម្ចាស់ឧស្សាហកម្ម សិប្បកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ ភោជនីដ្ឋាន ពាណិជ្ជករ អាជីវករ និងសេវាករ នៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចទូទាំងប្រទេស ទទួលបានការយល់ដឹងកាន់តែច្បាស់ មានភាពងាយស្រួល និងមានទំនុកចិត្តធ្វើអាជីវកម្មរបស់ខ្លួន។ សិក្ខាសាលានេះបានបញ្ជ្រាបការយល់ដឹងបន្ថែម អំពីខ្លឹមសារច្បាប់ ស្តីពីការវិនិយោគ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាកម្ម ដែលជាច្បាប់ដ៏មានសារៈសំខាន់បំផុត សម្រាប់អ្នកវិនិយោគគ្រប់ៗរូបត្រូវយល់ដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ ក្នុងការគ្រប់គ្រងធុរកិច្ច ចៀសវាងការរងពិន័យ ឬទោសទណ្ឌជាដើម។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រំពឹងទុកថា ការធ្វើសិក្ខាសាលានេះ ពិតជាបានរួមចំណែក ផ្តល់នូវចំណេះដឹងបន្ថែមទៀត ព្រោះថាបច្ចុប្បន្នការធ្វើធុរកិច្ចពាណិជ្ជកម្ម មានការផ្លាស់ប្តូរ ដូចនេះទាមទាឱ្យអាជីវករ ពាណិជ្ជករយើង មានការយល់ច្បាស់ និងអនុវត្តទៅតាមគោលការណ៍ ដែលបានចែងក្នុងច្បាប់ ដើម្បីជាប្រយោជន៍ សម្រាប់យើងទាំងអស់គ្នា ក្នុងការធ្វើធុរកិច្ច។ នៅក្នុងឱកាសនោះ ឯកឧត្តមសូមឱ្យក្រុមវាគ្មិន និងសភាពាណិជ្ជកម្មទាំងអស់ ជួយសម្រួល និងធ្វើការផ្សព្វផ្សាយច្បាប់ទាំង៤នេះ ឱ្យកាន់តែផុលផុស ដើម្បីបង្កើនប្រសិទ្ធិភាព បរិយាកាសពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រទេសកាន់តែមានវឌ្ឍនភាពទៅមុខជានិច្ច៕

Ti Amo (ពស)

អត្ថបទទាក់ទង