រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

លោក ចេងឡៃ អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ សូមចូលរួមបន្តគាំទ្រការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍធនធានមនុស្ស

  • 243
  • ដោយ Admin

(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត (អភិបាលខេត្តស្តីទី) តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ សូមចូលរួមបន្តថែរក្សាសន្តិភាព គាំទ្រការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក៏ដូចនៅក្នុងខេត្តពោធិ៍សាត់ ឱ្យមានចំណេះដឹង សមត្ថភាពជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែង សម្រាប់ការងារពេញមួយជីវិត។

លោកអភិបាលខេត្តស្តីទី បានអំពាវនាវបែបនេះ នៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ (PIPP) ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើតផលិតភាពការងារ និងភាពប្រគួតប្រជែងខ្ពស់» ដោយបានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ លោកនាយរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងវិទ្យាស្ថាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងក្រុមយុវជនជាច្រើនកុះករ។

លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ បានលើកឡើងថា វិទ្យាស្ថាននេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដោយអង្គការអាយឡូ រហូតមកដល់ពេលនេះ បានធ្វើការបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ បានជាងមួយម៉ឺននាក់ ទាំងរយៈពេលខ្លី និងរយៈពេលវែង។ សិក្ខាកាមដែលបានបញ្ចប់ការសិក្សា មានការងារធ្វើ ៦៥ ទៅ៧៥% ចំពោះផ្នែកសេវាកម្ម សិប្បកម្ម និង៧៥ ទៅ៨០% ចំពោះផ្នែកកសិកម្ម។ ក្នុងឆ្នាំសិក្សា២០២១-២០២២ សិស្សនិស្សិតកំពុងសិក្សា ចំនួន៨៣៧នាក់ក្នុងនោះកម្រិតសញ្ញាបត្របរិញ្ញាបត្របច្ចេកវិទ្យា ឆ្នាំទី១ និងឆ្នាំទី៤ មានចំនួន៣០២នាក់ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឆ្នាំទី១ និងឆ្នាំទី២ មានចំនួន៣៩០នាក់។ លោកបានលើកឡើងថា វិទ្យាស្ថានពហុបច្ចេកទេស ជាអង្គភាពមួយ មានតួនាទីក្នុងការផ្តល់ជំនាញបច្ចេកទេស វិជ្ជាជីវៈជូនដល់ប្រជាជនទូទៅ ពិសេសសិស្សនិស្សិតក្រីក្រ ដើម្បីឱ្យពួកគាត់ទទួលបាននូវជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌ ងាយស្រួលក្នុងការស្វែងរកការងារធ្វើ មានប្រភពចំណូល ដូចពាក្យស្លោកថា TVETជំនាញពិត ជីវិតប្រសើរ ផ្តល់ការងារ មុខរបរសមរម្យ និងដើម្បីទាំងអស់គ្នា។

បន្ទាប់ពីលោក​ កុល ប៊ុនធឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥នោះរួចមក, លោក ចេង ឡៃ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត (អភិបាលខេត្តស្តីទី) តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឆ្នាំនេះស្ថិតក្រោមប្រធានបទ «TVET បង្កើតផលិតភាពការងារ និងភាពប្រគួតប្រជែងខ្ពស់»។ ការរៀបចំទិវានេះឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ នៅក្នុងស្រុក និងក្រៅប្រទេស។

សូមបញ្ជាក់ថា​ តាមរយៈទិវានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការបណ្តុះបណ្តាលខេត្តពោធិ៍សាត់ នៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល មានចំនួន២៧រូប ដែលមានឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន និងលោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត ជាអនុប្រធាន។ គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត មានភារកិច្ចរៀបចំគម្រោងផែនការសកម្មភាពសម្របសម្រួល សម្រាប់អភិវឌ្ឍន៍ និងធ្វើឱ្យសម្រេចរាល់គោលនយោបាយ និងគោលការណ៍ណែណាំ របស់គណៈកម្មាធិការជាតិ៕

Ti Amo (ពស)

អត្ថបទទាក់ទង