រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់និងខេត្តត្រាតប្រជុំពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទេសចរណ៍និងលើកកម្ពស់ច្រកព្រំដែនរវាងប្រទេសទាំងពីរឱ្យក្លាយជាច្រកព្រំដែនអន្តរជាតិនាពេលឆាប់ៗខាងមុខ

  • 262
  • ដោយ Admin

(ពោធិ៍សាត់-ត្រាត)៖ គណៈប្រតិភូខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទទួលបន្ទុកកិច្ចការព្រំដែន នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ និងលើកកម្ពស់ច្រកព្រំដែនថ្មដា ខេត្តពោធិ៍សាត់ និងច្រកបានថាសេន ខេត្តត្រាត ទៅជាច្រកព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំត្បូងក្រហម (ផ្លយដែង) ជាន់ទី៤ នៃសាលាខេត្តត្រាត ប្រទេសថៃ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងនៃគណៈអភិបាលខេត្តត្រាត ព្រមទាំងថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ នៃរដ្ឋបាលខេត្តត្រាតជាច្រើននាក់ទៀត។

ឆ្លងកាត់ការប្រជុំពិភាក្សា រយៈពេលជាង១ម៉ោងកន្លងមកនេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត បានយល់ស្របគ្នា ដើម្បីធ្វើរបាយការណ៍គោរពជូនរាជរដ្ឋាភិបាលរៀងៗខ្លួន ក្នុងការជំរុញបើកច្រកអន្តរជាតិ ថ្មដា-បានថាសេន ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន សំដៅតភ្ជាប់ខឿនសេដ្ឋកិច្ច និងទេសចរណ៍ ជាប្រយោជន៍របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ នៅក្នុងជំនួបខាងលើនេះដែរ ភាគីទាំងពីរ កម្ពុជា-ថៃ បានទទួលយកការរៀបចំកិច្ចប្រជុំរៀងរាល់៣ខែម្តង ឆ្លាស់វេនគ្នា ដែលត្រូវធ្វើឡើងរវាងអភិបាលខេត្តទាំង២ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ឈានទៅរកផ្លូវមួយដែលល្អរួមគ្នា ក្នុងការពន្លឿនបើកច្រកអន្តរជាតិខាងលើ ឱ្យទទួលបានជោគជ័យ។

គួរជម្រាបជូនថា យោងតាមកំណត់ហេតុ នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ អានុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានព្រមព្រៀងគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន០៤រួមមាន៖ ១-ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានម៉ា ខេត្តឧប៊ុនរាជធានី ២-ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត ៣-ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ និង៤-ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរាំ។ ភាគីប្រទេសទាំងពីរ បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនទាំង០៤ខាងលើ ជាច្រកទ្វារព្រំដែនអន្តរជាតិ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕

Ti Amo (ពស)

អត្ថបទទាក់ទង