រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ថ្លែងអំណរគុណដល់សមាជិក សមាជិកា និងពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានតំណែងមេឃុំ-សង្កាត់៤៩

  • 228
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា រហូតធ្វើឱ្យគណបក្ស នាំមុខគេក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ហើយបានទទួលតំណែងជាមេឃុំ ចៅសង្កាត់ ចំនួន៤៩ លើ៤៩ឃុំ-សង្កាត់។

តាមរយៈបណ្តាញព័ត៌មាន Fresh News ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត អំពីដួងចិត្តជូនចំពោះសមាជិក សមាជិកា យុវជន ប្រជាពលរដ្ឋ អ្នកគាំទ្រ និងមហាជន ដែលបានគាំទ្របោះឆ្នោតជូនគណបក្សជាជនកម្ពុជា ដែលនេះជាការបង្ហាញឱ្យឃើញ ពីការគាំទ្រយ៉ាងច្រើនលើសលប់ ដែលធ្វើឱ្យមេឃុំ ចៅសង្កាត់ ចំនួន៤៩ ក្នុងចំណោម៤៩ឃុំ-សង្កាត់ ក្លាយជាអ្នកឹកនាំ គ្រប់គ្រង និងជាអ្នកបម្រើសេវាសាធារណៈ ជូនបងប្អូនពុកម៉ែប្រជាជន នៅតាមបណ្តាឃុំ-សង្កាត់ នៅក្នុងអាណត្តិទី៥នេះបន្តទៀត»។

ឯកឧត្តមក៏បានលើកឡើងថា ស្មារតីនៃការចូលរួមគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលនេះ ឯកឧត្តមនឹងមានការចងចាំទុក មានការគោរព និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ជាមួយនឹងការគាំទ្រដ៏ច្រើនលើសលុប។ បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការផ្តល់នូវទំនុកចិត្តច្រើនបែបនេះ ពីសំណាក់ប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនាមជាអភិបាលខេត្ត នឹងខិតខំបន្ថែមទៀត ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីផ្តល់នូវភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋ រួមទាំងការខិតខំកែអម្អអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមបានបេ្តជ្ញាចិត្តជំរុញឱ្យមេឃុំ ចៅសង្កាត់ ដែលទទួលបានការផ្តល់ទំនុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ត្រូវតែខិតខំបំពេញតួនាទីរបស់ខ្លួន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងកិច្ចការងារសង្គមផ្សេងបន្ថែមទៀតជាដើម។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៨០.១៩ភាគរយ ស្មើនឹងជាង៧លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។ ទាំងសមាគមជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សុទ្ធតែបានវាយតម្លៃថា ការបោះឆ្នោតនេះបានប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំនោះទេ។ ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ៕

អត្ថបទទាក់ទង