រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

  • 263
  • ដោយ Admin

(ពោធិ៍សាត់)៖ នាថ្ងៃព្រហស្បតិ៍ ០៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដើម្បីពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងខេត្ត និងត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ការបិទយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអភិបាលក្រុងស្រុកទាំង០៧ ក្នុងខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីចាត់ចែងគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស សម្ភារៈ ឧបករណ៍ បច្ចេកទេស និងមធ្យោបាយគ្រប់ប្រភេទរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធដែលមានស្រាប់ ក្នុងទិសដៅយុទ្ធនាការការពារ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីឱ្យការបោះឆ្នោតទទួលបានជោគជ័យ។ សម្រាប់ខេត្តពោធិ៍សាត់មាន៧៣៨ការិយាល័យបោះឆ្នោត ស្មើនឹង៤៩៧ទីតាំង ដែលត្រូវប្រើកម្លាំងការពារ សរុបចំនួន១៥០៣នាក់ ក្នុងនោះកម្លាំងនគរបាល ចំនួន៧៤២នាក់, កម្លាំងប្រជាការពារ ចំនួន៤៩៥នាក់, កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន១២៦នាក់ និងកម្លាំងកងពលតូចអន្តរាគមន៍លេខ១៤ ចំនួន១៤០នាក់។ 

ឯកឧត្តម ជាវ តាយ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាពការងារ ដែលគ្រប់មន្ទីរអង្គភាពជុំវិញខេត្តនិងរដ្ឋបាលខេត្ត បានបំពេញការងារដោយយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ ដែលលទ្ធផលសម្រេចបាននេះ បានបង្ហាញឱ្យឃើញពីការចូលរួមសាមគ្គី ពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ និងសន្តិសុខសុវត្ថិភាព បានដោយប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តមក៏បានជម្រុញបន្ថែមទៀត ដល់អាជ្ញាធរក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ:  បន្តពង្រឹងផ្សព្វផ្សាយការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅក្នងដែនសមត្ថកិច្ចរបស់ខ្លួន, ពន្លឿនការផ្ដល់ឯកសារបោះឆ្នោត ជូនប្រជាពលរដ្ឋឱ្យបានលឿន ដើម្បីឱ្យដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ទទួលបានជោគជ័យ៕

Ti Amo (ពស)

អត្ថបទទាក់ទង