រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង លើដីតំបន់៣ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង អរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានឆ្វៀលដីឱ្យពួកគាត់បន្តអាស្រ័យផល (Videos inside)

  • 348
  • ដោយ Admin

(ពោធិ៍សាត់)៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋដែលជាអ្នករស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផលជាក់ស្តែង លើដីតំបន់៣ មុនឆ្នាំ២០១២ ប្រមាណ១៤០០នាក់ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចកាត់ឆ្វៀលដី ជូនពួកគាត់ឱ្យបន្តប្រើប្រាស់ និងអាស្រ័យផលជារៀងរហូត។

ការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ ធ្វើឡើងក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអនុក្រឹត្យ លេខ១០១ របស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ក្រោមអធិបភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់។

សូមជម្រាបថា ដោយមានការស្នើសុំពីរដ្ឋបាលស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន ដែលជាប់ផ្ទៃទឹកបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់នោះ ឯកឧត្តម ស៊ុយ សែម, ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ជាវ តាយ បានគាំទ្រលើការស្នើសុំកាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដោយសារកន្លងមក នៅក្នុងតំបន់៣នេះ ជាភូមិចាស់ ដែលមានសាលាឃុំ មណ្ឌលសុខភាព លំនៅឋានប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលជាយូរណាស់មកហើយ មុនការបង្កើតជាតំបន់៣ និងជាតំបន់ការពារមកម៉្លេះ។

ផ្ទៃដីដែលត្រូវស្នើសុំគោលការណ៍កាត់ឆ្វៀល មានទំហំផ្ទៃដីសរុបចំនួន ៣,៤៤៨ហិកតា ៧៧អា ស្មើនឹង ១,៣៩៩ក្បាលដី មានចំនួន១,៦៥៨គ្រួសារ ក្នុងនោះ៖ ស្រុកក្រគរ ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប ១,១២២ហិកតា ៤៥អា ស្មើនឹង៤៣៨ក្បាលដី មានចំនួន៧០៦គ្រួសារ, ស្រុកកណ្តៀង ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប ១,១៦៩ហិកតា ៧២អា ស្មើនឹង៥៩៤ក្បាលដី មានចំនួន៥៨៥គ្រួសារ និងស្រុកបាកាន ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប ១,១៥៦ហិកតា ៦អា ស្មើនឹង៣៦៧ក្បាលដី មានចំនួន៣៦៧គ្រួសារ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក៏បានសម្រេចចេញអនុក្រឹត្យ កែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលបន្តផងដែរ។

ក្រោយទទួលបានដំណឹងល្អនេះហើយ ប្រជាពលរដ្ឋនៅក្នុងស្រុកក្រគរ និងស្រុកកណ្តៀង បានសម្ដែងសេចក្ដីត្រេកអរ រកអ្វីប្រៀបផ្ទឹមពុំបាន ព្រមទាំងបានធ្វើញត្តិគាំទ្រ និងលិខិតគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាជន និងប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិដ៏ឧត្តុងឧត្តម និងសូមគាំទ្របោះឆ្នោតជូនសម្តេច ធ្វើជានាយករដ្ឋមន្រ្តីក្នុងអាណត្តិថ្មីបន្តទៀត ដើម្បីដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានជម្រាបជូនថា ការឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋវិញនេះ គឺសម្រាប់តែបងប្អូនណាដែលរស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផលជាក់ស្តែង យូរឆ្នាំមកហើយ ពោលគឺមុនឆ្នាំ២០១២ ដោយឡែកចំពោះប្រជាពលរដ្ឋដែលអាស្រ័យផល ក្រោយឆ្នាំ២០១២ ពុំទទួលបាននោះទេ។ ឯកឧត្តម បានបញ្ជាក់ទៀតថា នេះគឺជាការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាលំបាក ប្រកបដោយព្រហ្មវិហារធម៌ និងទស្សពិតរាជធម៌ជាខ្លាំង ចំពោះប្រជាពលរដ្ឋ។ ឯកឧត្តមសូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានដីនេះហើយ អាចចាប់ផ្តើមអាស្រ័យផលវិញបាន ហាមកាប់រានបន្ត និងសូមចូលរួមការពារតំបន់ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ឱ្យបានគង់វង្សទាំងអស់គ្នា។ ហើយនាពេលឆាប់ៗខាងមុខ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំប័ណ្ណទទួលស្គាល់សិទ្ធិកាន់កាប់ដីនោះ ជូនពុកម៉ែបងប្អូនជាក់ជាពុំខាន៕

Ti Amo (ពស)

អត្ថបទទាក់ទង