រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំយកថវិកា និងសម្ភារៈ ចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះ ស្លាប់ដោយសារឆក់ខ្សែភ្លើង

  • 233
  • ដោយ Admin

(ពោធិ៍សាត់)៖ ផ្តើមចេញពីការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងទុក្ខលំបាកនោះ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបានចាត់ឱ្យលោក ​វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា និងក្រុមការងារ នាំយកថវិកា និងសម្ភារៈមួយចំនួន ដើម្បីទៅចូលរួមបុណ្យសពជនរងគ្រោះឈ្មោះ ហ៊ុល ឌី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ដែលស្លាប់ដោយសារឆក់ខ្សែភ្លើង កាលពីថ្ងៃទី២៥​ខែឧសភា ឆ្នាំ២០២២កន្លងទៅ ខណៈកំពុងឡើងប្រក់ដំបូលផ្ទះឱ្យឈ្មោះ ឯល រ៉សាត ស្ថិតក្នុងភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វ៉ាន់ ហ៊ាង  នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជាមួយគ្រួសារសពដោយបានបញ្ចាក់ថា ការបាត់បង់នូវស្វាមី ឳពុក បង និងប្អូនជាទីស្រឡាញ់ ពិតជាមានការសោកស្តាយ អាឡោះអាល័យ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពលោក ហ៊ុល ឌី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកបានលើកឡើងទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន​នោះ ជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់គិតគូរព្រួយបារម្ម ចំពោះប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែង ដោយមិនបានប្រកាន់ ឬរើសអើងអំពីនិន្នាការនយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈអ្វីឡើយ ពោលគឺឱ្យតែរងគ្រោះ ត្រូវតែទទួលបានការជួយឧបត្ថម្ភដូចៗគ្នា ជាក់ស្តែងដូចគ្រួសារសពឆក់ខ្សែភ្លើងជាសក្ខីភាពស្រាប់ គឺទទួលបានអង្ករ៥០គីឡូក្រាម, ទឹកក្រូច០២កេស, ទឹកសុទ្ធ០២កេស  និងថវិកា៤០ម៉ីនរៀល។

លោកបានបញ្ជាក់ថា ជាទូទៅកាកបាទក្រហមកម្ពុជា ទាំងថ្នាក់សាខា និងអនុសាខា ដែលមានលទ្ធភាពក្នុងការងារមនុស្សធម៌នេះទៅបាន គឺអាស្រ័យមានការចូលរួម បរិច្ចាគទាំងថវិកា ​និងសម្ភារៈ ពីសំណាក់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលមានទំនុកជឿជាក់លើការងារ ដឹកនាំប្រកបដោយ ប្រសិទ្ធិភាព តម្លាភាព របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

តំណាងគ្រួសារសព ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបាននាំយកថវិកា និងសម្ភារៈ មកចូលរួមបុណ្យសពនាពេលនេះ បញ្ជាក់ឱ្យឃើញ អំពីទឹកចិត្តសប្បុរសធម៌ និងសូមគោរពជូនពរ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រកបដោយសុខភាពល្អ និងសម្រេចរាល់ភារកិច្ច ជូនជាតិ និងប្រជាជនជារៀងរហូត។

សូមជម្រាបជូនថា កាលពីវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មានករណីឆក់ខ្សែភ្លើង នៅចំណុចភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ បណ្តាលឱ្យឆក់ជនរងគ្រោះ ចំនួន០២នាក់៖ ទី១-ជនរងគ្រោះឈ្មោះ ហ៊ុល ឌី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅភូមិកណ្តាល ឃុំ/ស្រុកកើតហេតុ (ស្លាប់) ទី២-ជនរងគ្រោះឈ្មោះ ខូ ខី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត)។ មូលហេតុ គឺបណ្តាលមកពីលើកស័ង្កសីប្រក់ផ្ទះ ក្រោមបង្គោលភ្លើងប៉ះខ្សែភ្លើង៕

Ti Amo (ពស)

អត្ថបទទាក់ទង