រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ស្រុកបាកានបច្ចុប្បន្ន គឺជាទីតាំងខេត្តពោធិ៍សាត់ពីអតីតកាល នៅក្នុងសម័យលង្វែក (Photos & Video inside)

  • 474
  • ដោយ Admin

(ពោធិ៍សាត់)៖ វត្តបាកាន មានចម្ងាយប្រមាណជា១៧គីឡូម៉ែត្រពីទីរួមខេត្ត ដែលស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រះចៅអធិការវត្តបច្ចុប្បន្នមានព្រះនាម ឡាយ កន។ ទីតាំងត្រង់ម្តុំនេះពីអតីតកាល គឺជាតំបន់ជនជាតិជងរស់នៅ ទើបបានជាមានជាប់ឈ្មោះថាត្រពាំងជង រហូតមកដល់សព្វថ្ងៃ។ 

អ្នកស្រុក តែងមកបន់ស្រន់ព្រះអង្គវត្តបាកាន សុំកុំឱ្យស្រូវលិចទឹក កុំឱ្យសត្វបំផ្លាញ និងសុំឱ្យប្រមូលផលស្រូវបានច្រើន ហើយការបន់ស្រន់នោះ ពិតជាសក្តិសិទ្ធិមែន។ នៅជាប់ខាងកើតព្រះវិហារ មានទួលប្រាសាទបុរាណមួយ ឈ្មោះថា ប្រាសាទវត្តបាកាន ឬប្រាសាទព្រះអង្គខ្មៅ ស្ថាបនាឡើងពីថ្មបាយក្រៀម ពីសម័យដើមមក។

តាមរឿងប្រាសាទបុរាណខ្មែរ និងតាមការនិទានតៗគ្នា ពីមួយជំនាន់ទៅមួយជំនាន់ បានឱ្យដឹងថា ប្រាសាទវត្តបាកាន បានកសាងឡើងក្នុងសតវត្សរ៍ទី១៤ (ប្រហែលជាក្នុងអំឡុងឆ្នាំ១៣៩៥) ក្នុងរាជព្រះបាទជ័យវរ្ម័នទី៩ ដែលជាចុងសម័យអង្គរ ស្របពេលនឹងការកកើតប្រទេសឡាវ និងប្រទេសសៀម។ 

កាលពីរាប់រយឆ្នាំមុន មានដើមពោធិមួយដើម បានអណ្តែតពីក្រុងមហានគរ តាមទន្លេសាប ហូរតាមស្ទឹងបឹងខ្នារ ដោយកាត់តាមតំបន់មួយចំនួន ពេលរំកិលខ្លួនមកដល់ស្ទឹងព្រះម្លូ ដែលបច្ចុប្បន្នគេហៅថាស្ទឹងបាកាននោះ ពួកអ្នកស្រុកបានយកព្រ័ត្រមកទាក់ឡើងគោក ក្នុងបំណងរក្សាទុកជាវត្ថុនាំភាពត្រជាក់ត្រជុំ ដោយជ្រើសយកទួលមួយ សម្រាប់ធ្វើពិធីបួងសួង និងជាទីតាំងសម្រាប់ដាក់ដាំដើមពោធិ៍នោះតែម្តង។ 

ចាប់តាំងពីពេលនោះមក ទីទួលទាក់ដើមពោធិនោះ អ្នកស្រុកបាននិយមហៅថាទួល «បានការ» ដែលក្រោយៗមក បែរជានាំគ្នាហៅគន្លាស់ទៅជាទួល «បាកាន» ទៅវិញ រហូតមកដល់សព្វថ្ងៃ។ ចំណែកតំបន់ទាក់ដើមពោធិនោះទាំងមូលវិញ ពួកអ្នកស្រុកនាំគ្នានិយមហៅថាតំបន់ «ពោធិរសាត់ៗ» ដែលក្រោយៗមកក៏ក្លាយទៅជា «ពោធិ៍សាត់ៗ» អញ្ចឹងទៅ។ 

តាមពិតបើមើលទៅតាមសំណេរ គួរតែអានឱ្យចេញខ្យល់ថា «ពោធិ-រ-សាត់» ទើបត្រឹមត្រូវ ព្រោះអ្នកអក្សរសាស្រ្តគ្រាន់តែប្តូរពី អក្សរ «រ» ទៅជាវណ្ណយុត្តរបាទ (៍) យកដាក់ពីលើតួអក្សរ «ធិ» ហើយពេលអាន គួរតែមានភ្ជាប់ខ្យល់ «រ» នៅចន្លោះពាក្យ «ពោធិ» និងពាក្យ «សាត់»។

ទីតាំងស្រុកបាកានបច្ចុប្បន្ន គឺជាទីតាំងខេត្តពោធិ៍សាត់ពីអតីតកាល នៅក្នុងសម័យលង្វែក, ក្រោមរជ្ជកាលព្រះបាទច័ន្ទរាជា ត្រូវបានផ្លាស់ប្តូរទីតាំងគ្រប់គ្រងរដ្ឋបាលពីបាកាន ទៅមាត់ស្ទឹងពោធិ៍សាត់ រហូតមកដល់សព្វថ្ងៃ៕

Ti Amo (ពស)

អត្ថបទទាក់ទង