រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រយៈពេល២០ថ្ងៃកន្លងមកនេះ ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មានការថមថយ ដោយសារប្រជានេសាទ ទទួលបានការអប់រំផ្សព្វផ្សាយពីក្រុមការងារ

  • 193
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ ពោលគិតចាប់ពីថ្ងៃទី០១ ខែឧសភា​ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សកម្មភាពនៃប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មានការថមថយច្រើន នោះគឺដោយសារតែប្រជានេសាទបានជ្រួតជ្រាប ពីការអប់រំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងវិស័យជលផល ដែលក្រុមការងារបានចុះរហូតទៅដល់១០លើក នឹងមានអ្នកចូលរួម៤៥០នាក់។ បន្ថែមពីនោះ ក្រុមការងារក៏បានបន្តបោះបង្គោលអភិរក្ស បានចំនួន១០ដើម (នៅដីរនាត០៥ដើម, នៅកំពង់ប្រាក់០៥ដើម) និងជ្រុំបង្គោលកំពង់ប្រាក់ បានចំនួន៦០០ដើម/៣ហិកតា។

នេះបើតាមការលើកឡើង របស់សមត្ថកិច្ចជំនាញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារអនុវត្តកន្លងមក លើការបង្ក្រាបបទល្មើសជលផល ក្នុងសាស្ត្រខេត្តពោធិ៍សាត់ ដែលដឹកនាំដោយឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត។

សូមជម្រាបជូនថា ផ្អែកតាមរបាយការណ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាននារសៀលនេះ បានឱ្យដឹងថា លទ្ធផល និងសកម្មភាព របស់អនុគណៈកម្មការ និងក្រុមការងារថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សម្រេចបាន៖

*បានដកហូត រឹបអូសវត្ថុតាងបទល្មើសជលផល៖ កាណូតសំបកឈើភ្ជាប់ម៉ាស៊ីនឆាយណា ចំនួន០៣គ្រឿង, មងរាយប្រវែង៦.០០០ម, ធុងក្លាស្សចំណុះ៣០០លីត្រ ចំនួន០១ធុង និង៣០លីត្រ ចំនួន០១ធុង និងត្រីខូចគុណភាពចំនួន៤០គីឡូក្រាម។

*បំផ្លាញចោលវត្ថុតាងបទល្មើសជលផល៖ លូកងស្បៃមុង ចំនួន៣៦គ្រឿង, របាំងស្បៃមុង ប្រវែង២.២០០ម(១៨ខ្សែ), បង្គោល ចំនួន៧៣០ដើម,ចាក់លែងត្រីចំរុះ៣០គីឡូក្រាម, ម៉ងរាយប្រវែង២.៨០០ម, សម្រាស់មែកឈើ(១៥មx១៥ម) ចំនួន១០កន្លែង និង(១០មx១០ម) ចំនួន០៣កន្លែង។

ជាមួយគ្នានោះ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ក៏បានបញ្ជាក់ឱ្យដឹងដែរថា សរុបយោង គិតចាប់ពីថ្ងៃទី០៧ ខែមីនា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ អនុគណៈកម្មការ និងក្រុមការងារថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានរឹបអូស ដកហូត កាណូត បានចំនួន២០គ្រឿង, ទូក បានចំនួន០៩គ្រឿង, អួនអូសទឹកសាប បានចំនួន១៣វង់, ឈឹបយន្ត បានចំនួន០៣គ្រឿង, អួន បានចំនួន០៦វង្ស, បង្គោល បានចំនួន២០១០ដើម, លបប្រើស១០០ បានចំនួន១១០ខ្សែ និងកំណត់មុខសញ្ញាចាប់ឃាត់ខ្លួនមនុស្ស បានចំនួន២០នាក់។

លោកអនុប្រធានមន្ទីររូបនោះ បានបញ្ជាក់បន្ថែមថា ជុំវិញប្រតិបត្តិការបង្ក្រាបខាងលើ យើងក៏មានបញ្ហាប្រឈម និងផលលំបាកជាច្រើន ដោយសារកិច្ចសហការចូលរួម ពីបងប្អូនប្រជាពលរដ្ឋ គឺមិនទាន់ទូលំទូលាយ, ការយល់ដឹង និងការចូលរួមគោរពច្បាប់ នៅមានកម្រិត, ប្រេងឥន្ធនៈ និងថវិកាមានមិនគ្រប់គ្រាន់ តាមការងារចាំបាច់ និងតម្រូវការជាក់ស្តែង សម្រាប់គាំទ្រសកម្មភាពយុទ្ធនាការពង្រឹង ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ឱ្យកាន់តែមានប្រសិទ្ធភាព៕

Ti Amo (ពស)

អត្ថបទទាក់ទង