រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ ចល័តចេញពីទីស្នាក់ការ គណបក្ស ឃុំ/សង្កាត់ទាំង៤៩ ដោយមានសមាជិក សមាជិកាចូលរួម ជាង២ម៉ឺននាក់

  • 358
  • ដោយ Admin

(ពោធិ៍សាត់)៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃដែល គ.ជ.ប កំណត់ឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតពីប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីប្រកួតប្រជែងតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ សម្រាប់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ជាក់ស្តែងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ក៏បានបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ ចល័តចេញពីទីស្នាក់ការ គណបក្ស ឃុំ/សង្កាត់ទាំង៤៩ ដោយមានសមាជិក សមាជិកាចូលរួម ជាង២ម៉ឺននាក់។

យ៉ាងណាមិញ ក្រុមការងារដែលដឹកនាំបើកយុទ្ធការ តាមបណ្តាស្រុក/ក្រុង រួមមាន៖ 

*(ស្រុកបាកាន) ក្រោមវត្តមានឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបាកាន។ 

*(ក្រុងពោធិ៍សាត់) ក្រោមវត្តមានឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់។ 

*(ស្រុកក្រគរ និងស្រុកកណ្តៀង) ក្រោមវត្តមាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង។

*(ស្រុកភ្នំក្រវាញ) ក្រោមវត្តមាន ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំក្រវាញ។

*(ស្រុកវាលវែង) ក្រោមវត្តមាន ឯកឧត្តម ទី ថានី រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកវាលវែង។

*(ស្រុកតាលោសែនជ័យ) ក្រោមវត្តមាន ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកតាលោសែនជ័យ។

សូមជម្រាបជូនថា យោងតាមរបាយការណ៍ របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តពោធិ៍សាត់ ដែលភ្នាក់ងារFresh News ទើបនឹងទទួលបាននារសៀលនេះ បានឱ្យដឹងថា សកម្មភាពបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ សង្កេតឃើញថាមានសកម្មភាព និងរូបភាពឃោសនា៖

ទី១-គណបក្សប្រជាជនកម្ពុជា៖ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំចល័តចេញពី ទីស្នាក់ការគណបក្ស ឃុំ/សង្កាត់ ទាំង៤៩ ចល័តទៅតាមភូមិ គ្រប់ភូមិក្នុងឃុំ សង្កាត់នីមួយៗ រួចធ្វើការដង្ហែត្រឡប់មកស្នាក់ការគណបក្សវិញ ទើបរំសាយក្បួន។ សមាជិក សមាជិកា ចូលរួមសរុបមាន២១,៣៤២នាក់ ស្រី៦៩៦១នាក់ រថយន្តតូចធំ សរុបចំនួន១,១១៤គ្រឿង ម៉ូតូចំនួន ៧,៣៥៦គ្រឿង និងកាណូត៥៤គ្រឿង ។ 

ទី២-គណបក្សភ្លើងទៀន បានបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំក្នុង ឃុំ/សង្កាត់ ចំនួន១៣/៤៩ ចល័តទៅតាមភូមិគ្រប់ភូមិក្នុងឃុំ/សង្កាត់នីមួយៗ រួចធ្វើការដង្ហែត្រឡប់មកស្នាក់ការគណបក្សវិញ ទើបរំសាយក្បួន។ សមាជិក សមាជិកា ចូលរួមសរុបមាន៦៨៥នាក់ ស្រី១៣០នាក់ រថយន្តតូចធំចំនួន១២គ្រឿង និងម៉ូតូចំនួន៣៤០គ្រឿង។ 

ទី-គណបក្សហ៊្វុនស៊ិនប៉ិច៖ បើកការឃោសនាក្នុង ឃុំ/សង្កាត់ ចំនួន១/៤៩ រូបភាពឃោសនា ដោយផ្សព្វផ្សាយ បិទផ្សាយរូបភាពឃោសនា ចែកចាយខិត្តប័ណ្ណ ចុះជួបសមាជិកនៅតាមខ្នងផ្ទះ។ 

ទី៤-គណបក្សខ្មែររួបរួមជាតិ៖ បើកការឃោសនាក្នុង ឃុំ/សង្កាត់ ចំនួន១/៤៩ រូបភាពឃោសនា ដោយបិទផ្សាយ រូបភាពឃោសនា ចែកចាយខិត្តប័ណ្ណ ចុះជួបសមាជិកនៅតាមខ្នងផ្ទះ។ 

ទី៥-គណបក្សខ្មែរស្រឡាញ់ជាតិ៖ បើកការឃោសនាក្នុង ឃុំ/សង្កាត់ ចំនួន១/៤៩ រូបភាពឃោសនា ដោយចាក់ផ្សាយមេក្រូចល័តតាមភូមិ ក្នុងឃុំតែប៉ុណ្ណោះ។ 

ទី៦-គណបក្សកែទម្រង់កម្ពុជា មិនមានធ្វើសកម្មភាពអ្វីទេ។ 

ទី៧-គណបក្សសញ្ជាតិកម្ពុជា៖ មិនមានធ្វើសកម្មភាពអ្វីទេ។ 

ការបើកយុទ្ធនាការឃោសនានៅថ្ងៃនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាម ច.ប.យ.ស គ្មានការគំរាមកំហែង បំភិតបំភ័យ ឬប្រើអំពើហិង្សាឡើយ។ គណៈកម្មការសន្តិសុខខេត្តពោធិ៍សាត់ បានបាត់ចែងការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ដល់ក្បួនយុទ្ធនាការឃោសនាគ្រប់គណបក្ស បេក្ខជនឈរឈ្មោះ និងអ្នកចូលរួម បានល្អប្រសើរ ពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ៕

Ti Amo (ពស)

អត្ថបទទាក់ទង