រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ កំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការវិនិយោគអភិវឌ្ឍជាច្រើន សម្រាប់វិស័យទេសចរណ៍ (Photos inside)

  • 424
  • ដោយ Admin

(ពោធិ៍សាត់)៖ ព្រំដែនកម្ពុជា-ថៃ «ថ្មដា» ជាតំបន់ដាច់ស្រយាល និងស្ងប់ស្ងាត់មួយ ដែលមិនសូវមានប្រជាពលរដ្ឋធ្វើដំណើរទៅដល់តំបន់នោះឡើយ។ ភាពស្ងប់ស្ងាត់ក៏ដោយសារតែផ្លូវពិបាកធ្វើដំណើរ និងមិនទាន់មានការរៀបចំទីកន្លែងកម្សាន្តច្រើនដូចនៅតំបន់ដទៃទៀត។ ក៏ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ព្រំដែនថ្មដា បានផ្លាស់ប្ដូរមុខមាត់ថ្មី ស្ទើរតែមិននឹកស្មានដល់ ជុំវិញកា​រវិនិយោគ​អភិវឌ្ឍ​​ជា​ច្រើនដូចជា៖ ផ្សារទំនើប ក្លឹបកម្សាន្ត កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូ សួនកម្សាន្ត ។ល។

នេះដោយសារតែ ផ្លូវជាតិលេខ៥៥ ត្រូវបានស្ថាបនារួចរាល់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ រហូតមកទល់សព្វថ្ងៃ។

ជាក់ស្តែងរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃជាច្រើនកន្លែង ក៏ត្រូវបាន​​នឹងកំពុងវិវត្តន៍ខ្លួន ជាមួយនឹងសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ នៅឃុំថ្មដា ស្រុកវាលវែង ខណៈ​ដែលស្រុកមួយនេះ ត្រូវបាន​ជាប់ឈ្មោះ​ជា​ស្រុកទេសចរណ៍​ដ៏ល្បី​បំផុត ​នៅ​ខេត្ត​ពោធិ៍សាត់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅទស្សនាកម្សាន្ត។

ទីតាំងដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ គឺនៅរ៉បមាត់ផ្លូវជាតិលេខ៥៥ តំបន់ភ្នំ១៥០០ «ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង», រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច, ថ្មដាផារ៉ាដាយរីសត… ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ ដែលចង់មកគយគន់ និងថតរូបទុកជាអនុស្សាវរីយ៍ នូវទេសភាព ព្រៃ ភ្នំ ទឹកធ្លាក់ និងខ្សែផ្លូវបត់បែនឡើងចុះដូចអន្ទង់អាំង។

ថ្មីៗនេះ ក៏មានរមណីយដ្ឋានដ៏ធំមួយ គឺ«មេទឹករីសត - Meteuk Resort» បានកែច្នៃឡើងពីធម្មជាតិជាប់នឹងដងស្ទឹងមេទឹក ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទោះបីជាទីតាំងនេះ ពុំទាន់មានការអភិវឌ្ឍន៍រួចរាល់ជាស្ថាបពរយ៉ាងណាក្តី។

រមណីយដ្ឋាន «មេទឹករីសត - Meteuk Resort» គឺនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ជាប់នឹងស្ទឹងមេទឹក ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណជា១៧៥គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់, មានចម្ងាយប្រមាណជា៣៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណជា៩គីឡូម៉ែត្រ ពីព្រំដែន កម្ពុជា-ថៃ។

សម្រាប់ភ្ញៀវទេសចរដែលបានមកលេងនៅទីនោះ មិនត្រឹមតែគយទេសភាពដ៏ស្រស់ស្អាតគ្មានពីរប៉ុណ្ណោះទេ ភ្ញៀវទេសចរយើងប្រាកដជាឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែន រវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។ នៅទីនោះភ្ញៀវទេសចរ ក៏អាចឆ្លងកាត់ទៅលេខខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណី ជាប់មាត់សមុទ្រ និងមានរបស់របរមួយចំនួនទៀត។ ចំពោះការបើកឱ្យចូលទៅទស្សនានៅខេត្តត្រាតនេះ គឺមានការបើកជាចន្លោះថ្ងៃ មានន័យថា បើកមួយថ្ងៃ ខានមួយថ្ងៃ តែដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ទាំងភាគីកម្ពុជា និងភាគីថៃ បានផ្អាកការចេញចូលសម្រាប់ភ្ញៀវទេសចរណ៍មួយរយះសិន។ មួយវិញទៀត ភ្ញៀវទេសចរក៏អាចទិញម្ហូបអាហារ ជាគ្រឿងសមុទ្រយកមកទទួលទានបាន ឬអាចកម្មង់ទិញយកទៅធ្វើម្ហូបទទួលទានបានផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង