រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចាប់ផ្ដើមបេសកកម្មព្យាបាលពលរដ្ឋជាង២០០០ករណីដោយឥតគិតថ្លៃ នៅខេត្តពោធិ៍សាត់

  • 373
  • ដោយ Admin

(ពោធិ៍សាត់)៖ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ២៤០៣ករណី-នាក់ នៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សកម្មភាពនេះក៏មានការចូលរួមពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកក្រគរ យុវជន ស.ស.យ.ក. និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។

លោកជំទាវ ពេជ ចន្ទមុន្នី បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកក្រគរ នេះជាលើកទី៤ហើយ ដែលសមាគម TYDA បានចុះមកព្យាបាលសង្គ្រោះជីវិតប្រជាពលរដ្ឋ។

លោកជំទាវបានបញ្ជាក់ថា បើគ្មានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ប្រជាជនកម្ពុជាពិតជាមានសំណាងដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ដែលធ្វើឱ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន មានសភាពធូរស្រាលជាងប្រទេសដទៃទៀត។

លោកជំទាវ ពេជ ចន្ទមុន្នី បានសំណូមពរឱ្យប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA អាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀតដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ដែលចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានព្យាបាលប្រជាពលរដ្ឋសរុបចំនួន២៤០៣រណី និងមានករណីធ្ងន់ធ្ងរចំនួន៥៥ករណី ក្នុងនោះ១២ករណី ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលការព្យាបាល និងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

Ti Amo (ពស)

អត្ថបទទាក់ទង