រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំយកថវិកា និងសម្ភារៈ ចូលរួមបុណ្យសព ប្រធានសម្ពន្ធយុវជនស្រឡាញ់សន្តិភាព អនុសាខាស្រុកតាលោសែនជ័យ ដែលទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍

  • 270
  • ដោយ Admin

(ពោធិ៍សាត់)៖ ដោយមានការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនោះ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចាត់ឱ្យក្រុមប្រតិបត្តិសាខា នាំយកថវិកា និងសម្ភារ ចូលរួមរំលែកទុក្ខជាមួយលោកស្រី លីន ស្រីល័ក្ខ ត្រូវជាភរិយាសពលោក ថោង ពឿន ប្រធានសម្ពន្ធយុវជនស្រឡាញ់សន្តិភាព អនុសាខាស្រុកតាលោសែនជ័យ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងជន្មាយុ៤១ឆ្នាំ ដល់លំនៅដ្ឋានផ្ទាល់ ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ និងមានការចូលរួមពី លោកស្រីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតាលោសែនជ័យ និងក្រុមយុវជនមួយចំនួនទៀត។

លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាមួយគ្រួសារសពលោក ថោង ពឿន ដោយបានបញ្ចាក់ថា ការបាត់បង់ប្តី ឱពុក ជាបង ជាប្អូនជាទីស្រឡាញ់ ពិតជាមានការសោកស្តាយ អាឡោះ អាល័យ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព លោក ថោង ពឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកបានលើកឡើងទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​នោះ ជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរព្រួយបារម្ម ចំពោះប្រជាពលរដ្ឋជួបការលំបាក ខ្វះខាត និងងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនបានប្រកាន់ ឬរើសអើងអំពីនិន្នាការនយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈអ្វីឡើយ ពោលគឺឱ្យតែរងគ្រោះ ត្រូវតែទទួលបានការជួយឧបត្ថម្ភដូចៗគ្នា តាមទិសស្លោកទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោកបានបញ្ជាក់ថា ជាទូទៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមានលទ្ធភាព ក្នុងការចែកជូនអំណោយមនុស្សធម៌ជូនដល់ជនរងគ្រោះដោយប្រការផ្សេងៗ នាពេលកន្លងមក ក៏ដូចនាពេលនេះ គឺសុទ្ធជាការបរិច្ចាគទាំងថវិកា ​និងសម្ភារៈ របស់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿទុកចិត្ត ចំពោះសកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំប្រកបដោយ ប្រសិទ្ធិភាព តម្លាភាព របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកបានជម្រាបជូនថា គ្រឿងឧបភោគ បរិភោគសម្រាប់ចូលរួម ជាមួយក្រុមគ្រួសារសពនាពេលនេះរួមមាន៖ អង្ករ៥០គីឡូក្រាម ទឹកក្រូច២កេស ទឹកសុទ្ធ២កេស  និងថវិកា៤០ម៉ីនរៀល។

លោកស្រី លីន ស្រីល័ក្ខ ភរិយានៃសព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជាវ តាយ ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបាននាំយកថវិកា និងសម្ភារៈមកចូលរួមបុណ្យសពនាពេលនេះ បញ្ជាក់ឱ្យឃើញអំពីទឹកចិត្តសប្បុរសធម៌ ដល់គ្រួសានាងខ្ញុំ និងសូមគោរពជូនពរ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រកបដោយសុខភាពល្អ និងសម្រេចរាល់ភារកិច្ចជូនជាតិ និងប្រជាជនជារៀងរហូត៕

Ti Amo (ពស)

អត្ថបទទាក់ទង