រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលរងខេត្តពោធិ៍សាត់ ថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចុះមកចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងខេត្តពោធិ៍សាត់

  • 313
  • ដោយ Admin

(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមកប្រគល់ជូន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចុះមកបំពេញបេសកកម្ម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកូនក្មួយ និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកណ្តៀង និងស្រុកបាកាន នៃខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ ក៏បានថ្លែងអំណរគុណ និងថ្លែងកោតសរសើរចំពោះទឹកចិត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃឃ្លាតឆ្ងាយពីក្រុមគ្រួសារ មកបំពេញបេសកកម្មចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកកណ្តៀង ស្រុកបាកាន និងស្រុកដ៏ទៃទៀត នៃខេត្តពោធិ៍សាត់ ទោះស្ថិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរក៏ដោយ។ ជាការពិតណាស់ថា ការចូលរួម និងការចំណាយពេលវេលារបស់ក្មួយៗ គឺជាគុណតម្លៃមួយខ្ពស់ណាស់សម្រាប់សង្គម ដើម្បីពន្លឿនក្នុងការផ្តល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ស្របតាមប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលរងខេត្តបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ ការចម្លងរីករាលដាល នៃជំងឺកូវីដ១៩។

លោកក៏បានផ្តាំផ្ញើ ដល់អាជ្ញាមូលដ្ឋាន ត្រូវសហការប្រមូលកម្លាំងរួមគ្នា ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចដំណើរការចាក់វ៉ាក់សាំង របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ជូនដល់កូនក្មួយ និងប្រជាពលរដ្ឋ ឱ្យដំណើរការទៅរលូន និងទទួលបានជោគជ័យ។

អំណោយដែលត្រូវប្រគល់ជូន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តាមបណ្តាស្រុកក្រុង ក្នុងខេត្តពោធិ៍សាត់ ដោយក្នុងមួយស្រុកក្រុងទទួលបាន៖ ទឹកបរិសុទ្ធ១០កេស ភេសជ្ជៈ០៥កេស និងថវិកា២០ម៉ឺនរៀល ដើម្បីឱ្យក្រុមគ្រូពេទ្យបានបរិភោគ និងប្រើប្រាស់តាមការគួរ។

សូមបញ្ជាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលមកបំពេញបេកកម្មការងារ នៅខេត្តពោធិ៍សាត់នាឱកាសនេះ មានចំនួន៥៥នាក់ ដោយបែងចែកជា០៥ក្រុម លើស្រុកគោលដៅចំនួន០៧ ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២តទៅ៕  

Ti Amo (ពស)

អត្ថបទទាក់ទង