រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្នុងថ្ងៃទី១ នៃបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២២នេះ ខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរណ៍បានដើរលេងកំសាន្តតាមរមណីយដ្ឋាន និងទីតាំងសង្ក្រាន្ត ចំនួន៨៣,៨៩៦នាក់

  • 392
  • ដោយ Admin

(ពោធិ៍សាត់)៖ គិតត្រឹមថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ពស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តពោធិ៍សាត់ បានមកចូលរួមទស្សនាកម្សាន្តសប្បាយ តាមតំបន់រមណីយដ្ឋាន ចំនួន៣៥កន្លែង និងទីតាំងសង្ក្រាន្ត នៅទូទាំងខេត្ត មានសរុបប្រមាណ៨៣,៨៩៦នាក់ ក្នុងនោះស្រី៤១,៣៨៧នាក់ ភ្ញៀវបរទេស០០នាក់។ នេះបើតាមការឱ្យដឹងពីមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ។

ប្រភពពីមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា នៅឆ្នាំថ្មីនេះរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការណែនាំពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កបរិយាកាសរីករាយជូនពលរដ្ឋ បានសម្រេចរៀបចំឱ្យមានកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺ«សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ដែលមានរយៈពេលបីថ្ងៃ បួនយប់ គិតចាប់ពីយប់ថ្ងៃថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅលើបុរីវប្បធម៌កោះសំពៅមាស ទល់មុខសាលាខេត្តពោធិ៍សាត់ និងតាមដងផ្លូវលេខ១០១។

មន្ត្រីជំនាញបានបន្ថែមថា ព្រឹត្តិការណ៍សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់ ដែលបានរៀបចំនេះ មានកម្មវិធីជាអាទិ៍៖ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ល្បែងប្រជាប្រិយ របាំប្រពៃណី របាំត្រុដិ ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជា៖ ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយ របស់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី និងការរាំកំសាន្ត។ល។ ដោយឡែកនាពេលរាត្រី ក៏មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួច ជូនទស្សនាកំសាន្ត។

បន្ថែមពីនោះ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក៏មានការរៀបចំធ្វើសង្រ្កាន្តនៅតាមបណ្តាវត្តអារាម សាលារៀន និងតំបន់កម្សាន្តនានាទូទាំងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជាមួយនឹងមានការតាំងពិព័រណ៌ សម្តែងសិល្ប: តន្រ្តីបុរាណសម័យ និងល្បែងប្រជាប្រិយផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ថ្ងៃទីមួយនៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវសរុបមានចំនួន៨៦២,៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិ៨៥៤,៦៥៤នាក់ និងភ្ញៀវបរទេស ផ្ទៃក្នុង៨,២៤៣នាក់ បានមកដើរលេងកម្សាន្តនៅទូទាំងប្រទេស។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ *ខេត្តកំពង់ឆ្នាំង ១៦០,៧៤០នាក់ *ខេត្តបាត់ដំបង ១០៧,២៥៤ នាក់ *ខេត្តសៀមរាប ១០៧,០១៤នាក់ *ខេត្តពោធិ៍សាត់ ៨៣,៨៩៦នាក់ *ខេត្តកំពង់ចាម ៥៧,៤៣០នាក់ *ខេត្តព្រៃវែង ៥៦,០០២នាក់ *ខេត្តកំពង់ស្ពឺ ៤៩,២៨៨នាក់ *រាជធានីភ្នំពេញ ៣៨,៩៧២នាក់  *ខេត្តបន្ទាយមានជ័យ ៣៧,៣១៦នាក់៕

Ti Amo (ពស)

អត្ថបទទាក់ទង