រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ បើកដំណើរការព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិខ្មែរ

  • 353
  • ដោយ Admin

(ពោធិ៍សាត់)៖ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២ ដែលនឹងឈានចូលមកដល់នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» នៅលើបុរីវប្បធម៌កោះសំពៅមាស ទល់មុខសាលាខេត្តពោធិ៍សាត់ និងតាមដងផ្លូវលេខ១០១ រយៈពេលបីថ្ងៃ បួនយប់ គិតចាប់ពីយប់ថ្ងៃថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

ពិធីបើកព្រឹត្តការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជទាវ លាង ហៃ ជាវតាយ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងក្រុមយុវជនយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានសម្តែងក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុងពិធីបើកព្រឹត្តការណ៍ «សង្កានកោះសំពៅមាសពោធិ៍សាត់» ដែលបានរៀបចំឡើង នាឱកាសនេះ ដើម្បីអបអរទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមសម្តែងនូវកតញ្ញូតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យ គោលនយោបាយដ៏ត្រឹមត្រូវ ទទួលបានជោគជ័យ ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានជាបន្តបន្ទាប់។ ជាមួយគ្នានោះសម្តេចបានប្រែក្លាយកម្ពុជា ពីប្រទេសដែលមានចំណូលកម្រិតទាប មកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប និងបន្តខិតខំប្រែក្លាយឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០នាពេលអនាគត។

ឯកឧត្តមបានជម្រាបជូនថា សម្រាប់ខេត្តពោធិ៍សាត់របស់យើង ក៏កំពុងតែស្តារ និងអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យ ដូចជាប្រព័ន្ធធារាសាស្រ្តតូចធំរួមមានទំនប់ទី៣ និងទំនប់ទី៥ ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម រោងចក្រ សហគ្រាស ជាពិសេសវារីអគ្គិសនី ដែលសម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមថាជាខេត្តធុងអាគុយ ដែលប្រព័ន្ធវារីអគ្គិសនីនេះ បានចែកចាយដល់ប្រជាពលរដ្ឋ តាមបណ្តាខេត្តជិតខាង។ ឯកឧត្តមបានបន្ថែមថាសមិទ្ធផលទាំងអស់នេះ កើតឡើងដោយសារសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ បន្តរក្សាការពារបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ។

ឯកឧត្តមបានជម្រាបជូនទៀតថា ទន្ទឹមនឹងពិភពលោក បានជួបវិបត្តិសកល រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបជំងឺឆ្លងកូវីដ១៩ ដើម្បីសង្គ្រោះ ការពារអាយុជីវិតប្រជាជន និងពុះពារជម្នះ ដោះស្រាយបញ្ហាប្រឈមនានា បណ្តាលមកពីវិបត្តិនៃជំងឺនេះ ទប់លំនឹងសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានបើកប្រទេសឱ្យដំណើរការពេញលេញលើគ្រប់វិស័យ ជាមួយនឹងការរស់នៅ តាមគន្លងប្រក្រតីភាពថ្មី។

ខេត្តពោធិ៍សាត់របស់យើង ពិតមានជាមានកិត្តិយសខ្លាំងណាស់ ដោយរៀបចំនូវ ទិដ្ឋភាពព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» រួមមានការរៀបចំតុប តែងលម្អរ ការតាំងពិព័ណ៍ និងការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីទំនៀមទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌ និងកិត្យានុភាពនៃជាតិខ្មែរ នៅក្នុងយុគសម័យសន្តិភាព ដ៏រុងរឿងរបស់យើង។

ឯកឧត្តមសូមស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញមកចូលរួមសប្បាយ នូវសង្ក្រានរយះពេល ៣ថ្ងៃនេះ ឱ្យបានច្រើនកុះករ និងត្រូវចូលរួមរក្សាអនាម័យបរិស្ថាន ឱ្យបានស្អាត ព្រមទាំងត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានគ្រប់គ្នា និងសំណូមពរដល់ កងកម្លាំងទាំងអស់ សូមចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរនេះ ឱ្យបានល្អប្រសើរ៕

Ti Amo (ពស)

អត្ថបទទាក់ទង