រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦

  • 328
  • ដោយ Admin

(ពោធិ៍សាត់)៖ ដើម្បីសំដែងនូវអំណរសាទរស្វាគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត ដែលពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ សាលាខេត្ត ដោយបានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីរដ្ឋបាលខេត្តយ៉ាងច្រើនកុះករ។

ឯកឧត្តម ជាវ តាយ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានជួបសំណេះសំណាលជាមួយ មន្ត្រី រាជការសាលាខេត្តយើងនាពេលនេះ។ ឯកឧត្តមសូមថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តពោធិ៍សាត់ ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យទទួលបានសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ជាវ តាយ បានថ្លែងថា ក្នុងឆ្នាំចាស់កន្លងទៅនេះ យើងបានខិតខំរួមគ្នា សម្រេចបានលទ្ធផល ជូនរដ្ឋបាលខេត្ត គួរជាទីមោទនៈ ទោះបីមានកិច្ចការមួយចំនួននៅសេសសល់ មិនទាន់បានអនុវត្ត ក៏យើងបានដាក់បញ្ចូលក្នុងទិសដៅការងារបន្តនាឆ្នាំបន្ទាប់ ដើម្បីសម្រេចឱ្យបានជោគជ័យក្នុងឆ្នាំថ្មី។

ឯកឧត្តមបានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាទម្លាប់ ដែលឯកឧត្តមតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនកូនក្មួយ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។ យើងដឹងហើយថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានចេញអនុក្រឹត្យផ្តល់ជូននូវប្រាក់ឧបត្ថម្ភ ចំនួន៥ម៉ឺនរៀល តាមថ្នាក់ៗ និងបានបើកជូននូវប្រាក់បៀវត្សខែមេសា សម្រាប់មន្ត្រីរាជការគ្រប់ស្ថាប័ន សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

ដោយឡែកសម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ឯនេះវិញ ឯកឧត្តមបានផ្តល់ជូនបន្ថែម នូវថវិកាមួយចំនួន ជូនដល់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីជាប់កិច្ចសន្យា ដោយក្នុងនោះរួមមាន៖ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១៥០ដុល្លារ, អភិបាលរងខេត្ត ចំនួន០៦រូប ក្នុងម្នាក់ៗទទួលបាន ថវិកា១ពាន់ដុល្លារ, មន្ត្រីរាជការសាលាខេត្ត សរុបចំនួន៩៥នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០០ដុល្លារ ក្រៅពីនោះមានមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកហាត់ការ និងនគរបាលប្រចាំការសាលាខេត្តក៏ត្រូវបានទទួលថវិកា សម្រាប់យកទៅប្រើប្រាស់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២២នាពេលខាងមុខផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏សូមជូនពរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការសាលាខេត្តទាំងអស់ សូមជួបប្រទះនូវសេចក្តីសុខសេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្នុងឆ្នាំថ្មី និងចៀសឱ្យផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

Ti Amo (ពស)

អត្ថបទទាក់ទង