រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម កែវ រតនៈ ដឹកនាំអតីតសិស្សវិទ្យាល័យពោធិ៍សាត់ ក្នុងឆ្នាំសិក្សា១៩៨៧-១៩៩០ ដើម្បីប្រារព្ធពិធីរំលឹកគុណដល់ លោកគ្រូ អ្នកគ្រូ ប្រមាណ៤៧នាក់

  • 273
  • ដោយ Admin

(ពោធិ៍សាត់)៖ នៅក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៥៦ គស.២០២២នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ ស្រុកកណ្តៀង និងជាប្រធានកិត្តិយស គណៈកម្មការអតីតសិស្ស វិទ្យាល័យពោធិ៍សាត់ ក្នុងឆ្នាំ១៩៨៧-១៩៩០ បានដឹកនាំអតីតសិស្ស២០០នាក់ រៀបចំពិធីសំណេះសំណាល និងទទួលទានអាហាសាមគ្គី ដើម្បីបង្ហាញនូវទឹកចិត្តស្រឡាញ់ និងគោរពដឹងគុណ ជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលបានផ្តល់ចំណេះដឹង និងកំពុងរស់នៅសព្វថ្ងៃ ចំនួន៤៧នាក់ នារាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាល័យពោធិ៍សាត់។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ ស្រុកកណ្តៀង និងជាប្រធានកិត្តិយស គណៈកម្មការអតីតសិស្ស វិទ្យាល័យពោធិ៍សាត់ ក្នុងឆ្នាំ១៩៨៧-១៩៩០ តំណាងឱ្យអតីតសិស្សជាង២០០នាក់ បានថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ដែលរស់នៅសព្វថ្ងៃ មានចំនួន៤៧នាក់នោះថា​ នៅក្នុងឱកាសប្រជាជនកម្ពុជា បាននឹងកំពុងរៀបចំអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦នោះ យើងខ្ញុំទាំងអស់គ្នាជាអតីតសិស្សរួមជំនាន់ វិទ្យាល័យពោធិ៍សាត់ មានសេចក្តីជ្រះថ្លា បានមូលមតិគ្នា រៀបចំពិធីសំណេះសំណាល និងសម្តែងនូវកតញ្ញូតា រំលឹកគុណ ចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានផ្តល់នូវចំណេះដឹង និងសាងអនុស្សាវរីយ៍ដ៏ល្អជាច្រើន មិនអាចបំភ្លេចបាននោះឡើយ។ ដោយសារគុណបំណាច់ដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន របស់លោកគ្រូ អ្នកគ្រូ រស់នៅសព្វថ្ងៃ និងមួយចំនួនទៀតបានលាចាកលោកយើងនេះក៏ដោយ ក៏យើងខ្ញុំទាំងអស់គ្នា នៅតែគោរពដឹងគុណជានិច្ច មិនអាចបំភ្លេចបាននោះឡើយ។

ឯកឧត្តម កែវ រតនៈ បានថ្លែងទៀតថា ជាការពិតណាស់ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ អតីតសិស្សយើងមិនបានរៀបចំពិធីនេះ ដោយសារនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងពិភពលោក ជួបវិបត្តិកូវីដ១៩ ទើបមានការខកខាន។ អតីតសិស្សវិទ្យាល័យពោធិ៍សាត់ ដែលពេលនេះមានតួនាទីភារកិច្ចសំខាន់ៗ បាននឹងកំពុងបម្រើការងារនៅក្នុងសង្គម ទាំងក្នុង និងក្រៅប្រទេស នៅតែមានទឹកចិត្តស្មោះ​ មិនបោះ​បង់ រួមគ្នាតបស្នងសងគុណ ដោយលោកបានអប់រំប្រៀនប្រដៅ ទូន្មានក្រេបវិជ្ជា រហូតមកដល់សព្វថ្ងៃ។ លោកគ្រូ អ្នកគ្រូ គឺជាអ្នកមានគុណ ប្រៀបបានដូចជាមាតា បិតា ដែលបានប្រដៅ និងផ្តល់នូវចំណេះដឹង ដូចនេះក្នុងអតីតសិស្សវិទ្យាល័យពោធិ៍សាត់ ទាំងក្នុង និងក្រៅប្រទេស សូមគោរពជូនពរមហាប្រសើរ រួចផុតទុក្ខ រីករាយ មានសុខភាពល្អ សម្រាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ក៏ដូចជាអតីតសិស្សនាពេលនេះ ក៏ដូចទៅថ្ងៃអនាគត។

លោកគ្រូ អ៊ុំ ប៊ុនថន និងអ្នកគ្រូ អ៊ុំ ច័ន្ទរស្មី ដែលកំពុងរស់នៅក្រៅប្រទេស ក៏បានផ្ញើលិខិតជូនពរ ដល់លោកគ្រូ អ្នកគ្រូ ដែលជាមិត្តរួមជំនាន់ និងអតីតសិស្សវិទ្យាល័យពោធិ៍សាត់ទាំងអស់ ដោយបានលើកឡើងថា ការជួបជុំគ្នានាពេលនេះ ក៏ដូចនាពេលកន្លងមក បញ្ជាក់ថា អតីតសិស្សវិទ្យាល័យពោធិ៍សាត់ មានសាមគ្គីភាព មិត្តភាព មានជីវធម៌ និងគុណធម៌ក្នុងខ្លួន ចេះគោរពដឹងគុណគ្រូ និងសូមឱ្យបន្តប្រពៃណីនេះតទៅទៀត ដើម្បីសិស្សានុសិស្សជំនាន់ក្រោយៗ បានក្លាយជាអ្នកស្នងទៅថ្ងៃមុខ និងនាំមកនូវធនធានមនុស្ស ប្រកដោយសក្តានុពល ក្នុងអភិវឌ្ឍន៍សង្គមជាតិឱ្យរីកចម្រើន ដូចបណ្តាប្រទេសជិតខាងយើង។

នៅក្នុងពិធីសំណេះសំណាល និងទទួលទានអាហាសាមគ្គីមួយពេល ជូនលោកគ្រូ អ្នកគ្រូ និងអតីតសិស្សនោះ គណៈកម្មការរៀបចំពិធី ក៏បានជូនវត្ថុអនុស្សារីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ ទាំង៤៧នាក់ ក្នុងម្នាក់ៗថវិកា២០០ដុល្លារ និងវត្ថុកំដរដៃមួយកន្ត្រក់ ព្រមទាំងចូលរួមរាំលេងកំសាន្ត ដោយក្តីរីករាយអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងផងដែរ៕ 

Ti Amo (ពស)

អត្ថបទទាក់ទង