រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំឱ្យមាន «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ក្នុងគោលបំណងបង្កលក្ខណៈសប្បាយរីករាយ អធិកអធម ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

  • 292
  • ដោយ Admin

(ពោធិ៍សាត់)៖ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំឱ្យមាន «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ក្នុងគោលបំណងបង្កលក្ខណៈសប្បាយរីករាយ អធិកអធម ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីសាមគ្គីភាពជិតស្និត ទៅតាមទំនៀមទម្លាប់ជាតិ និងអនុវត្តតាមវិធានការសុខាភិបាល សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

«សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» នឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២២ នៅលើបូរីវប្បធម៌កោះសំពៅមាស និងនៅលើដងផ្លូវលេខ១០១ទល់មុខសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានសម្តែងឱ្យទស្សនា របាំប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត បង្ហោះគោម បាញ់កាំជ្រួច និងមានស្តង់ពិព័ណ៌ផលិតផលិតក្នុងស្រុកផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តនៅខែមេសា ដែលធ្វើឡើងនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី១ អាគាររដ្ឋបាលខេត្ត។

ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តនេះដែរ មានរបៀបវារៈសំខាន់ៗរួមមាម៖ ពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា និងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២, ពិនិត្យពីវឌ្ឍនភាពការងារ របស់អនុគណៈកម្មការទាំង៦ ក្នុងការត្រៀមលក្ខណៈរៀបចំពិធីបុណ្យចូលឆ្នាំថ្មី, ផ្សព្វផ្សាយសារាចរលេខ ០៣៣ សជណ អ.រ.ប ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល, មតិចូលរួមរបស់សមាជិកសមាជិកា, សេចក្តីរាយការណ៍របស់អភិបាលក្រុងស្រុក និងមតិបូកសរុបបិទកម្មវិធី។

បន្ទាប់ពីថ្នាក់ដឹកនាំ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធនានា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយ នូវចំណុចដែលខ្វះ ចន្លោះនោះរួចមក, ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ដោយសូមឱ្យ អនុគណៈកម្មការទាំង៦ ត្រូវអនុវត្តតាមតួនាទី និងភារកិច្ច ធ្វើយ៉ាងណាបង្កលក្ខណៈ ឱ្យសង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់ ទទួលបានលទ្ធផលល្អប្រសើរ និងទាក់ទាញការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ឱ្យបានច្រើនកុះករ ព្រមទាំងរក្សាបានគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ចំពោះសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា និងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ឯកឧត្តមសូមទុកជូនរយៈពេល៣ថ្ងៃជូន បើមិនមានអ្វីកែប្រែទេ គឺមានន័យថា អស់លោក លោកស្រី ឯកភាពចំពោះរបាយការណ៍នេះហើយ។

ឯកឧត្តមសូមស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង ស្រុក ត្រូវពន្លឿនការរៀបចំតាំងភ្លើងព័ណ៌ ទង់ជាតិ ទង់ជ្វាលា បដា ពាក្យស្លោក ដោយខិតខំប្រឹងប្រែងរៀបចំ ឱ្យបានព្រមៗគ្នា។ ឯកឧត្តមបានគូសបញ្ជាក់ថា នាវេលាម៉ោង ៥ និង០០នាទីល្ងាច ថ្ងៃទី១៣ ខែមេសាខាងមុខ រដ្ឋបាលខេត្តនឹងចាប់ដំណើរការនៃការបើកសង្ក្រានកោះសំពៅមាសពោធិ៍សាត់ ហើយក្រោយពីបញ្ចប់កម្មវិធី គឺមានការបាញ់កាំជ្រួច និងបង្ហោះគោមផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមសូមស្នើបន្ថែមដល់រដ្ឋបាលក្រុងពោធិ៍សាត់ ត្រូវសហការរៀបចំការប្រមូលសម្រាម ដោយយកទូកុងទីន័រចំនួន៤ ទៅទុកដាក់នៅទីតាំងសំខាន់ៗ ងាយស្រួលក្នុងការដឹកជញ្ជូនទៅទីលានទុកដាក់សម្រាម។ ហើយមន្ទីរព័ត៌មានខេត្ត ត្រូវខិតខំជម្រុញ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានជ្រួតជ្រាប ពីសកម្មភាពដែលយើងបានធ្វើ។

ឯកឧត្តម ជាវ តាយ សូមឱ្យកងកម្លាំងប្រដាប់អាវុធ និងមន្ទីរជំនាញ ត្រូវត្រៀមរថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គីភ័យ រថយន្ដល្បាត និងសម្រួលការកកស្ទះចរាចរណ៍ឱ្យបានល្អប្រសើរ។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា អនុគណៈកម្មការនីមួយៗ នឹងអនុវត្តការងារតាមតួនាទីភារកិច្ច ដែលបានបែងចែកនេះ ទទួលបានជោគជ័យ ដើម្បីមុខមាត់ខេត្តយើង និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ គស.២០២២នេះ៕

Ti Amo (ពស)

Join 👉🏻https://t.me/pursatprovincialhall

អត្ថបទទាក់ទង