រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ស្នើឱ្យពន្លឿនការផ្តល់ប័ណ្ណសមធម៌ ជូនអតីតយុទ្ធជន ដោយសារពួកគាត់បានពលី ដើម្បីជាតិមាតុភូមិ

  • 305
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានកិត្តិយស និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ បានស្នើតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ ត្រូវពន្លឿនការផ្តល់ប័ណ្ណសមធម៌ ជូនអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា ក៏ដូចជាអាជ្ញាមូលដ្ឋាន ត្រូវថែទាំ និងយកចិត្តទុកដាក់ពីសុខទុក្ខ ជូនអតីតយុទ្ធជនឱ្យបានគ្រប់ៗគ្នា ដោយសារពួកគាត់បានពលី និងលះបង់ ដើម្បីជាតិមាតុភូមិរបស់យើង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានស្នើបែបនេះ នៅបូរីវប្បធម៌កោះសំពៅមាស ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ជាជនពិការប្រភេទ ក១ និងក២ ប្រមាណ១៥០នាក់ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ ប្រតិភូថ្នាក់ជាតិ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងបងប្អូនអតីតយុទ្ធជនពិការយ៉ាងច្រើនកុះករ។

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន ជាពិសេសបានផ្តាំផ្ញើ ដល់អតីតយុទ្ធជនទាំងអស់ បន្តអនុវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណដល់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលតែងយកចិត្តទុកដាក់ ជួយឧបត្ថម្ភថវិកា បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ដល់អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ជាពិសេសបានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសព សមាជិកសមាគមបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់សមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់ ត្រូវបន្តពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន ខណៈកាលពីថ្មីៗនេះ ខេត្តពោធិ៍សាត់បានប្រគល់បង្គ្រប់ផ្ទះ និងដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ចំនួនជាង៦០០នាក់។

ឯកឧត្តម ទេសរដ្ឋមន្រ្តីបន្តថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបន្តយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ ដូចជាការផ្តល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះ ការផ្តល់របបសន្តិសុខសង្គម ជាពិសេសការពិនិត្យសុខភាព ដោយឥតគិតថ្លៃ និងការទទួលប្រាក់សោធននិវត្តន៍ជារៀងរាល់ខែ។

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអតីតយុទ្ធជនពិការ ក១ និងក២ ចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៦ដប និងថវិកា១០ម៉ឺនរៀល និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៤៩ ឃុំ សង្កាត់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង