រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រធានគណបក្សខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងចែកអំណោយ ជូនសមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់លលកស ប្រមាណ៥០០នាក់

  • 329
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្ត និងឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ជូនដល់សមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ប្រមាណ៥០០នាក់។

ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវត្តវាល ស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត គណ:ទាំង៥ នៃគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ក្រុមការងារចុះជួយសង្កាត់លលកស និងបេក្ខជនពេញសិទ្ធិ ក្រុមប្រឹក្សាសង្កាត់លលកស ជាច្រើននាក់ទៀត។

បន្ទាប់ពីមតិស្វាគមន៍ របស់ប្រធានគណបក្សក្រុង និងរបាយការណ៍សកម្មភាពការងារគណបក្សសង្កាត់ និងទិសដៅដែលអានដោយលោកស្រី កង ប៊ុនគា បេក្ខជនពេញសិទ្ធ លំដាប់លេខរៀងទី១ រួចមក, ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត បានប្រសាសន៍លើកឡើង ជូនអង្គប្រជុំ អំពីសមិទ្ធផលដ៏ធំធេង ដែលគណបក្សប្រជាជនសម្រេចបាន តស៊ូពុះពារឧបសគ្គ ពលីកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យភាព និងវឌ្ឍនភាពសង្គម។ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលច្រើនឥតគណនា ជាប្រវត្តិសាស្ត្រជូនជាតិ មាតុភូមិកម្ពុជា។ ឯកឧត្តម ម៉ក់ រ៉ា ក៏បានលើកឡើងផងដែរ ពីសមិទ្ធផលទាំងនេះ ចំនួនប្រាំបួនចំណុច ជូនអង្គពិធីជ្រាប។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ ក្នុងនាមគណ:អធិបតី បានអញ្ជើញមានមតិសំណេះសំណាលជាមួយនឹង សមាជិកក្រុមបក្សទាំងអស់ ដោយបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការដឹកនាំរបស់សម្តេច ប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ សម្តេចបានលះបង់ ដោយយកអាយុជីវិតជាដើមទុន ដើម្បីឯកភាពប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ដោយសារនយោបាយឈ្នះៗរបស់សម្តេច។ ឯកឧត្តមបញ្ជាក់ទៀតថា នៅកម្ពុជាមានសុខសន្តិភាព ហើយឈានទៅរកការបោះឆ្នោត ឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយមានគណបក្សចំនួន១៦ ចុះបញ្ជីប្រកួតប្រជែង សង្ឃឹមថាបងប្អូន ក្រុមបក្ស គ្រួសារបក្ស សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលកំពុងមានវត្តមាននៅទីនេះ និងគៀងគរ បងប្អូនកូនក្មួយ និងគ្រួសារ ក្នុងភូមិ ក្នុងមូលដ្ឋាន ធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយស្មោះត្រង់ ដើម្បីរក្សាបាននូវសុខសន្តិភាព និងសូមគាំទ្រសម្តេច ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីជារៀងរហូត។ ជាមួយគ្នានោះ ត្រូវតែការពារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរកសន្តិភាពជូនប្រជាជន និងរក្សាការពារបាន នូវសុខសន្តិភាព ជូនប្រទេសជាតិ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានចែកជូនវត្ថុកំដរដៃ ដល់សមាជិក សមាជិកា ក្រុមបក្សដែលបានចូលរួមប្រមាណ៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស និងទឹកបរិសុទ្ធវីតាល់១កេសផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង