រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្នុងអំឡុងពេល នៃការកើនឡើងថ្លៃប្រេងសាំង ខេត្តពោធិ៍សាត់ នៅមានភ្ញៀវទេសចរមកលេងកម្សាន្ត ជាង១ម៉ឺននាក់ នៅចុងសប្តាហ៍ទី៣ នៃខែមីនានេះ

  • 478
  • ដោយ Admin

(ពោធិ៍សាត់)៖ ទោះបីស្ថិតក្នុងអំឡុងពេល នៃការកើនឡើងថ្លៃប្រេងសាំង ខេត្តពោធិ៍សាត់ នៅបន្តទទួលបានភ្ញៀវទេសចរសរុបមានចំនួន១៣,៣៨៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១៣,៣៧៩នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន១០នាក់ សម្រាប់ស្ថិតិចុងសប្តាហ៍ទី៣ នៃខែមីនា ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ម្សិលមិញ។ ក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៧ក្រុង ស្រុក តំបន់ទេសចរណ៍ដែលជាទីចាប់អារម្មណ៍ និងមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន(ភ្នំ១៥០០) ឃុំថ្មដា និងឃុំអូរសោម, ស្រុកក្រគរ នៅទឹកធ្លាក់ច្រកល្អៀង ភ្នំនាគស និងស្រុកតាលោសែនជ័យ នៅសួនកម្សាន្តតាលោសែនជ័យ។

នេះបើតាមការអះអាង របស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹង នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

ប្រភពបានបន្តថា បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ៥៣,៣៨% (ទេសចរសប្តាហ៍មុន មានចំនួន ២៨,៧២៤នាក់) នេះដោយសារតែខែនេះខ្សត់ភ្លៀង ភ្ញៀវទេសចរក៏ផ្លាស់ប្តូរទៅខេត្តជាប់មាត់សមុទ្រ ឬមានទឹកជ្រោះ និងដោយសារតែអត្រាប្រេងសាំងឡើងថ្លៃក៏ថាបាន ព្រោះស្ថិតក្នុងអន្តរកាល នៃសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលជិះឥទ្ធិពលមកដល់ប្រទេសយើង។ សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង មានភ្ញៀវទេសចរមកលេងកម្សាន្តសរុប ៣,១៦១នាក់ (ក្នុងនោះស្រី ១,៥៨៦នាក់)។

ប្រភពដដែលបានបន្ថែមថា ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ១១កន្លែង) និងមានភ្ញៀវស្នាក់នៅសរុប៥៤៨នាក់ ស្រី១៩៧នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ផ្អាកមិនដំណើរការ ០៤កន្លែង) និងមានភ្ញៀវសរុប៨៩៩នាក់ ស្រី៣៥៤នាក់។

ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ ឱ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និងSOP ជាប្រចាំ បើទោះអត្រាឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្តខ្លះក៏ដោយ៕

Ti Amo (ពស)

អត្ថបទទាក់ទង