រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ រៀបចំដង្ហែពាន ដើម្បីអបអរសាទរ លោក សួ វិចិត្រ ម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី១ (Video inside)

  • 862
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុង នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំពីធីដង្ហែពាន ដើម្បីអបអរសាទរម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី១ របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាសHDTV ជូនលោក សួ វិចិត្រ ជាអ្នកខេត្តពោធិ៍សាត់ ដែលទើបទទួលបានពាន កាលពីយប់ថ្ងៃទី០៦ ខែមីនា កន្លងទៅថ្មីៗ។

ពិធីនេះត្រូវបានដង្ហែចេញពីសួន១៤មករា តាមក្បួនរថយន្ត និងម៉ូតូ ជុំវិញទីប្រជុំជនក្រុងពោធិ៍សាត់ ឆ្ពោះត្រឡប់មកទីតាំងដើមវិញ ដោយបានការចូលរួមពីសំណាក់ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាអភិបាលខេត្តស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក និងបងប្អូនប្រជាពលរដ្ឋ ជាFanគាំទ្រលោក សួ វិចិត្រ យ៉ាងច្រើនកុះករ។

លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាអភិបាលខេត្តស្តីទី បានថ្លែងថា ថ្ងៃនេះជាថ្ងៃដែលយើងមានមោទនភាពដ៏ក្រៃលែង ដែលខេត្តរបស់យើង មានប្អូនប្រុស សួ វិចិត្រ ទទួលបានជ័យលាភី ជាអ្នកចម្រៀង BEAT THE BEST រដូវកាលទី១ របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាសHDTV។ កាលទទួលបាននេះ គឺអាស្រ័យដោយការតស៊ូប្រឹងប្រែងរបស់ប្អូន ចំពោះទេពកោសល្យជាអ្នកសិល្បៈ មានបេះដូងជាអ្នកចម្រៀងពិតប្រាកដ។ ទម្រាំមានថ្ងៃនេះ លោកជឿជាក់ថា ប្អូនប្រុសពិតជាបានជំនះឧបសគ្គដ៏វែងឆ្ងាយ និងបទពិសោធន៍ដ៏សម្បូរបែប ដែលបានជួយជម្រុញឱ្យប្អូនប្រុស ឈានចាប់យកជ័យជំនះ ដ៏ត្រចះត្រចង់នេះបាន។

លោក ចេង ឡៃ បានបន្ថែមថា នេះជាលទ្ធផលដ៏គួរឱ្យរីករាយ ដែលប្អូនប្រុសស័ក្តិសមនឹងទទួលបាន ព្រោះប្អូនប្រុសពិតជាមានសមត្ថភាពដែលបានដុសខាត់ សម្រេចមកអស់រយៈពេលយ៉ាងយូរកន្លងមកហើយ។ លោកសង្ឃឹមថា ប្អូនប្រុសនឹងប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះ ឱ្យបានកាន់តែល្អ កាន់តែល្បីល្បាញ ប្រកបដោយកិត្តិយស សម្រាប់អនាគតរបស់ប្អូន គ្រួសារបស់ប្អូន ក៏ដូចជាមុខមាត់របស់ខេត្តយើងផងដែរ។ ហើយភាពជោគជ័យរបស់ប្អូនប្រុស សួ វិចិត្រ ពិតជាបានលើកកិត្តិយសយ៉ាងធំធេង ចំពោះខេត្តពោធិ៍សាត់យើង និងផ្តល់គម្រូដ៏ល្អ ដល់យុវជនជំនាន់ក្រោយ ឱ្យមានការប្រឹងប្រែង ព្រមទាំងរួមគ្នាជួយកសាងជាតិរបស់យើង ឱ្យកាន់តែមានការអភិវឌ្ឍឈានឡើង ស្របតាមគោលនយោបាយដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយនឹងភាពជោគជ័យនេះ សូមឱ្យប្អូនប្រុស សួ វិចិត្រ ក៏ដូចជាយុវជន យុវតីរបស់យើងទាំងអស់ កុំមានការភ្លេច ខ្លួន នឹងការប្រឹងប្រែងបន្ត ព្រមទាំងព្យាយាមចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ «មជ្ឈមណ្ឌលកំសាន្តស្លាមាស» ដែលបានជួយគាំទ្រ និងឧបត្ថម្ភ លើកទឹកចិត្តដល់ប្អូនប្រុស សួ វិចិត្រ គ្រប់បែបយ៉ាងតាំងពីដើមរៀងមក។ លោកសូមជូនពរចំពោះភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមលើកទឹកចិត្តប្អូនប្រុស សួ វិចិត្រ នាពេលនេះ សូមមានសុភាពល្អ ទទួលជោគជ័យក្នុងមុខរបរការងារ និងចៀសឆ្ងាយពីជំងឺកូវីង១៩ គ្រប់ៗគ្នា៕

Ti Amo (ពស) 

អត្ថបទទាក់ទង