រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ស្ថិតិចុងសប្តាហ៍ទី១ នៃខែមីនា ខេត្តពោធិ៍សាត់ទទួលចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេស ដែលមានភ្ញៀវទេសចរមកលេងកម្សាន្ត ២៣,៥១៨នាក់

  • 520
  • ដោយ Admin

(ពោធិ៍សាត់)៖ ចុងសប្តាហ៍ទី១ នៃខែមីនា ពោលគឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរសរុប មានចំនួន២៣,៥១៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៣,៥០៥នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន១៣នាក់។

នេះបើតាមការអះអាង របស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹង នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ។

ប្រភពបានបន្តថា បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ៤,០១% (ទេសចរសប្តាហ៍មុន មានចំនួន ២៤,៥០២នាក់)។ សម្រាប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង មានភ្ញៀវទេសចរមកលេងកម្សាន្តសរុប ៥,៤៨៣នាក់ (ក្នុងនោះស្រី ២,៧៦៣នាក់)។

ប្រភពដដែលបានបន្ថែមថា ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ១១កន្លែង) និងមានភ្ញៀវស្នាក់នៅសរុប៥១១នាក់ ស្រី១៦២នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ផ្អាកមិនដំណើរការ ០៤កន្លែង) និងមានភ្ញៀវសរុប៨៥៦នាក់ ស្រី៣៧៤នាក់។

ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ ឱ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និងSOP ជាប្រចាំ បើទោះអត្រាឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្តខ្លះក៏ដោយ។

សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន នៅទូទាំងប្រទេស រួមមាន៖
* ខេត្តព្រះសីហនុ ៤០,០១២នាក់
* រាជធានីភ្នំពេញ ២៤,១០១នាក់
* ខេត្តពោធិ៍សាត់ ២៣,៥១៨នាក់
* ខេត្តបាត់ដំបង ២០,៥៩០នាក់
* ខេត្តកំពត ១៩,៣៦១នាក់
* ខេត្តសៀមរាប ១៨,៦០៩នាក់
* ខេត្តកែប ៦.៣១៦នាក់
* ខេត្តកំពង់ស្ពឺ ៥,៨៧៧នាក់
* ខេត្តមណ្ឌលគិរី ៥,០៣១នាក់៕

Ti Amo (ពស)

អត្ថបទទាក់ទង