រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់ក្រុង ស្រុក មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ (Video inside)

  • 317
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានស្នើដល់អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ ក្នុងករណីទប់ស្កាត់មិនបាន ត្រូវធ្វើរបាយការណ៍មកខេត្ត ហើយរដ្ឋបាលខេត្តនឹងកោះអញ្ជើញបុគ្គលនោះ មកសម្របសម្រួលដោះស្រាយដោយផ្ទាល់។

ឯកឧត្តមបានស្នើបែបនេះ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តនៅខែមីនា ឆ្នាំ២០២២ ដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត នាយកស្តីទី នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង ស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត។

https://youtu.be/fk50AzujZ7M

បន្ទាប់ពីថ្នាក់ដឹកនាំ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធនានា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយ នូវចំណុចដែលខ្វះចន្លោះនោះរួចមក, ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ បានថ្លែងថា រៀងរាល់កិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត អភិបាលក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមដោយផ្ទាល់ជាដាច់ខាត លើកលែងតែករណីចាំបាច់មិនអាចខានបាន ទើបអាចចាត់តំណាង។ នេះមិនមែនមានន័យថា អភិបាលរងក្រុងស្រុកគ្រប់រូប ធ្វើការមិនបាននោះទេ ប៉ុន្តែពួកគេមិនមាន សិទ្ធិគ្រប់គ្រាន់ក្នុងដឹកនាំបញ្ជាការងាររួម។ យើងដឹងហើយថា ការងារដឹកនាំ គឺមានតែ៣ នោះទេ ទី១-របបប្រជុំ ទី២-របបរាយការណ៍ និងទី៣-របបសុំយោបល់ ហើយដើម្បីបង្កើនការងារឱ្យកាន់តែមានភាពសកម្មជាងនេះទៅទៀតនោះ ឯកឧត្តមបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ដើម្បីបន្តធ្វើការអនុវត្តន៍រួមមាន៖

ទី១-សូមក្រុង ស្រុក មន្ទីរអង្គភាព ចូលរួមរៀបចំសោភណ្ឌភាព នៅតាមបណ្តាទីតាំងអង្គភាពរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមធ្វើអនាម័យ បរិស្ថាន និងរាល់នូវការរៀបចំអ្វីដែលមិនសមរម្យនៅមុខផ្ទះ ដើម្បីឱ្យភ្ញៀវទេសចរមានការគាំទ្រ ចូលមកខេត្តកាន់តែច្រើនឡើង។

ទី២-ពាក់ព័ន្ធនឹងការធ្វើសំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ សូមឱ្យក្រុង ស្រុក មន្ទីរជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ និងធ្វើរបាយការណ៍មកខេត្ត ក្នុងករណីទប់ស្កាត់មិនបាន ហើយយើងនឹងកោះអញ្ជើញបុគ្គលនោះមកសម្របសម្រួលដោះស្រាយដោយផ្ទាល់ (ទាំងការចាក់ដីបិទផ្លូវទឹក និងការសាងសង់សំណង់អនាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាត) ទាំងអស់នេះគឺជាចំណុចប្រឈម ដែលទាមទារឱ្យមានការទប់ស្កាត់ជាបន្ទាន់)។

ទី៣-សម្រាប់ក្រុមហ៊ុនដីឡូតិ៍ ស្រុកភ្នំក្រវាញ ដែលមានស្នាក់ការលក់នៅផ្សារភួពុយ ហើយគ្មានលិខិតអនុញ្ញាតនោះ រដ្ឋបាលខេត្តត្រូវធ្វើលិខិតទៅក្រុមហ៊ុន ដើម្បីផ្អាកការលក់បន្ត រងចាំការស្នើសុំសិទ្ធិស្របច្បាប់ ជុំវិញទីតាំងដីដែលជាកម្មសិទ្ធស្របច្បាប់របស់ក្រុមហ៊ុន។

ទី៤-ចំពោះការប្រមូលចំណូល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែជំរុញ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បូករួមទាំងមន្ទីរអង្គភាពជំនាញដែលជាសេនាធិការ សូមធ្វើការប្រមូលចំណូលឱ្យបានល្អប្រសើរ កុំឱ្យមានការធ្លុះធ្លាយ ដែលនាំឱ្យបាត់ចំណូលរបស់រដ្ឋ។

ទី៥-ពាក់ព័ន្ធនឹងសំណង់អនាធិបតេយ្យ ជុំវិញស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរក្រុង ត្រូវចុះធ្វើបច្ចុប្បន្នភាព និងយករបាយការណ៍ ដើម្បីធ្វើការដោះស្រាយគោលនយោបាយដីជូនពួកគាត់។ ចំពោះដីសាធារណៈរបស់រដ្ឋ ដែលត្រូវដោះស្រាយនោះ ថ្នាក់ដឹកនាំមន្ទីរជំនាញ រួមទាំងអាជ្ញាធរដែនដី ត្រូវធ្វើអនុបយោគទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យពួកគាត់មានសិទ្ធិកាន់កាប់ដីស្របច្បាប់។

ទី៦-ជុំវិញបញ្ហាអង្គការក្រៅរដ្ឋាភិបាល ដែលយករូបភាពចែកអំណោយ មកធ្វើនយោបាយនៅមូលដ្ឋានរបស់ខ្លួននោះ អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ជម្រាបដល់ពួកគាត់ មិនឱ្យមានការជួបជុំ ដោយយកច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ទី៧-ចំពោះឡត៍ដុតសម្រាម អាជ្ញាធរស្រុក ត្រូវដោះស្រាយឱ្យអស់លទ្ធភាព ក្នុងការចាក់ដីកន្លែងដាក់ឡត៍ និងបរិវេណទីលានទុកដាក់សម្រាម។

ទី៨-រដ្ឋបាលខេត្តពោធិ៍សាត់ នឹងបង្កើតក្រុមTelegramមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរជំនាញ អាជ្ញាមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីត្រួតពិនិត្យ សម្របសម្រួល និងដោះស្រាយបញ្ហាសម្រាមនេះ កុំឱ្យមានការកក់ស្ទះតទៅទៀត៕

Ti Amo (ពស)

អត្ថបទទាក់ទង