រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ បិទវគ្គបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ជូនដល់ក្រុមជនបង្គោល ចំនួន៩៧នាក់

  • 368
  • ដោយ Admin

(ពោធិ៍សាត់)៖ វគ្គបណ្តុះបណ្តាល ស្តីពីច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់ក្រុមជនបង្គោល ខេត្ត ក្រុង ស្រុក របស់គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ត្រូវបានធ្វើពិធីបិទវគ្គ បន្ទាប់ពីបានដំណើរការមួយថ្ងៃពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ឹង គឹមលាង អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈឃោសនាអប់រំ និងជាប្រធានក្រុមយុវជនគណបក្សខេត្ត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានក្រើនរំលឹក ដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ដែលបានមកពីការសិក្សាក្នុងវគ្គនេះ ទៅបើកវគ្គបណ្តុះបណ្តាលបន្ត ដល់ភ្នាក់ងារគណបក្សតាមបណ្ដាក្រុងស្រុក រៀងៗខ្លួន ដើម្បីឈានទៅទទួលជ័យជម្នះ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តមបានធ្វើការចែកជូន វិញ្ញាបណ្ណប័ត្រ បញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមទាំង៩៧នាក់ផងដែរ។

សូមបញ្ជាក់ថា គណៈកម្មាធិការគណបក្សខេត្ត បានរៀបចំបើកវគ្គបណ្តុះបណ្តាលនេះឡើង ដោយយោងលើលិខិតណែនាំ របស់ខុទ្ធកាល័យ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លេខ០០២/០១២២/ស.ជ.ខគក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ និងបន្ទាប់ពីគ្រូបង្គោល របស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត បានទទួលការបណ្តាលពី គ៨៥ រួចមក៕

Ti Amo (ពស)

អត្ថបទទាក់ទង