រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម កែវ រតនៈ៖ យើងត្រូវរួមគ្នាជាចង្កឹះមួយបាច់​ ដើម្បីយកជ័យជំនះ ពីការបោះឆ្នោត ទៅប្តូរនឹងការអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ខេត្តរបស់យើង

  • 466
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង បានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំមកនេះ សមិទ្ធផលក្នុងស្រុកកណ្តៀង និងស្រុកក្រគរ ក៏ដូចជាស្រុកដ៏ទៃទៀត នៃខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលអាចឆ្លុះបញ្ចាំងបានថា សមិទ្ធផលទាំងអស់នោះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជួយយើង។ ដូច្នេះហើយ យើងត្រូវរួមគ្នាជាចង្កឹះមួយបាច់​ ដើម្បីយកជ័យជំនះ ពីការបោះឆ្នោត ទៅប្តូរនឹងការអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ខេត្តរបស់យើង ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ  រោងចក្រ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន សម្រាប់ឱ្យកូនចៅយើងមានការងារធ្វើ មានប្រាក់ខែ និងមិនធ្វើចំណាកស្រុក។

ឯកឧត្តមលើកឡើងបែបនេះ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងពិធីបុណ្យកតញ្ញូ និងជួបសំណេះសំណាល ជាមួយលោកយាយ លោកតា ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង ដែលរស់នៅក្នុងឃុំកណ្តៀង និងកោះជុំ ស្រុកកណ្ដៀង នៃខេត្តពោធិ៍សាត់ សរុបជិត១៥០០នាក់។

ឯកឧត្តម កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នាថ្ងៃនេះ គឺជាការផ្តល់ឱកាសមួយ ឱ្យលោកយាយ លោកតា បានជួបសំណេះសំណាលជាមួយគ្នា និងប្រាស្រ័យទាក់ទងគ្នា ក្នុងពិធីបុណ្យកតញ្ញូ ដឹងគុណចំពោះមនុស្សចាស់ ព្រោះថាមនុស្សចាស់នេះហើយ ​ជា​បុព្វការីជន​ដែល​បង្កើត​ឱ្យ​មាន​នូវ​ធនធាន​ដ៏​មាន​ប្រយោជន៍​ ព្រម​ទាំង​ផ្តល់​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​នូវ​ចំណេះ​ដឹង​ ចំណេះធ្វើ វប្បធម៌ និង​បទ​ពិសោធន៍ ​ពី​មួយ​ជំនាន់ទៅមួយជំនាន់។​

ឯកឧត្តមបានថ្លែងទៀតថា ភូមិសាស្ត្រស្រុកកណ្តៀងជាកន្លែងសង្គ្រាម ប្រយុទ្ធគ្នាជាមួយខ្មែរក្រហម ប៉ុន្តែឥឡូវនេះយើងបានប្រែក្លាយពីកន្លែងអសន្តិសុខ មកជាកន្លែងសុវត្ថិភាព និងមានការអភិវឌ្ឍជាលំដាប់ ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹកស្អាត ភ្លើងអគ្គិសនី ទំនប់ធារាសាស្ត្រ ជាក់ស្តែងនាពេលខាងមុខ យើងនឹងត្រូវរៀបចំបឹងទន្លេអុំ ឱ្យមានកន្លែងអង្គុយលេងកម្សាន្ត មានកន្លែងហាត់ប្រាណ និងមានព្រះពុទ្ធរូបដ៏ធំជាងគេបង្អស់ ជាប្រវត្តិសាស្ត្រក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តមបញ្ជាក់ថា សមិទ្ធផលទាំងអស់នោះ គឺកើតឡើងបានដោយសារប្រទេសជាតិមានសុខសន្តិភាព  ហើយសន្តិភាពនេះ បានមកពីសម្ដេចតេជោ ហ៊ុន សែន យកជីវិតទៅប្ដូរ ដោយបានសង្គ្រោះប្រទេសជាតិឱ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាម នៃរបបបនប្រល័យពូជសាសន៍ ពល ពត  ហើយឥឡូវនេះបានសង្គ្រោះពីជំងឺកូវីដ១៩បន្ថែមទៀត។ ក្នុងកាលៈទេសៈជំងឺកូវីដ១៩សព្វថ្ងៃនេះ បើសម្ដេចមិនពុះពាររឿងវ៉ាក់សាំងទេ  ម្ល៉េះការជួបជុំគ្នាថ្ងៃនេះ ប្រហែលជាមិនមែនជួបជុំ ដើម្បីសប្បាយនោះទេ គឺប្រហែលជួបជុំគ្នាធ្វើបុណ្យសពផងក៏មិនដឹង។ ថ្វីត្បិតប្រទេសកម្ពុជាយើងតូច និងមានធនធានតិចក៏ពិតមែន  ក៏ប៉ុន្តែមានតែប្រទេសកម្ពុជា និងប្រទេសសឹង្ហបុរីតែប៉ុណ្ណោះ ដែលឈានមុខគេ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួនបានច្រើនជាងគេបង្អស់ (ទាំងដូសមូលដ្ឋាន និងដូសជម្រុញ)។

ឯកឧត្តម កែវ រតនៈ សូមឱ្យលោកយាយ លោកតា ប្រាប់កូនចៅថា សមិទ្ធផលទាំងអស់នេះ បានមកពីគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសូមឱ្យលោកយាយ លោកតា និងកូនចៅ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីរក្សាបានសុខសន្តិភាព បន្តការអភិវឌ្ឍ និងដើម្បីឱ្យកូនចៅលោកយាយ លោកតា មានការងារធ្វើ និងមានប្រាក់ខែចិញ្ចឹមជីវិតទៅថ្ងៃអនាគ៕

Ti Amo (ពស)

អត្ថបទទាក់ទង