រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម កែវ រតនៈ៖ «៧ មករា គឺជាជីវិតទីពីររបស់យើងទាំងអស់គ្នា ដោយឡែកការរួចផុតពីជំងឺកូវីដ១៩ គឺប្រៀបដូចជាជីវិតទីបី ក្រោយកើតពីផ្ទៃម្តាយមក»

  • 363
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកណ្តៀង និងស្រុកក្រគរ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា ៧ មករា គឺជាជីវិតទីពីរ របស់យើងទាំងអស់គ្នា ដែលបានរួចផុតពីរបបប្រល័យពូជសាសន៍ ពល ពត, ហើយថ្មីៗនេះ យើងក៏បានរួចផុតពីជំងឺដ៏កាចសាហាវថ្មីមួយទៀត គឺជំងឺឆ្លងកូវីដ១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ដែលយើងអាចនិយាយបានថា នេះគឺជាជីវិតទីបី បន្ទាប់ពីថ្ងៃរំដោះ ៧ មករា និងក្រោយពីយើងបានកើតពីផ្ទៃម្តាយមក។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយចាស់ទុំឃុំស្រែស្តុក ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង ចំនួន៦២២នាក់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីមួយខ្នង ៥បន្ទប់ ជាជំនួយរបស់ធនាគារភ្នំពេញពាណិជ្ជ ក្នុងសាលាបឋមសិក្សាទន្លេអុំ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

បើតាមលោក ឆាយ គីមម៉ុង អភិបាលនៃគណៈអភិបាលស្រុកកណ្តៀង បានឱ្យដឹងថា កម្មវិធីជួបសំណេះសំណាល ជាមួយចាស់ទុំខាងលើនេះ គឺធ្វើឡើងស្របនឹងកម្មវិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង ដែលជាការផ្តួចផ្តើមឡើង ដោយក្រុមការងារចុះជួយមូលដ្ឋានស្រុកកណ្តៀង មានឯកឧត្តម កែវ រតនៈ ជាប្រធាន តាមរយៈឯកឧត្តម អេង​ គន្ធា ប្រធានក្រុមការងារចុះជួយឃុំស្រែស្តុក ស្រុកកណ្តៀង ដោយទទួលបានជំនួយពីធនាគារភ្នំពេញពាណិជ្ជ ព្រមទាំងចាប់ដំណើរការសាងសង់ កាលពីថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។ លោកអភិបាលស្រុក បានបន្តថា ដោយពិនិត្យឃើញតាមស្ថានភាពជាក់ស្តែងនូវការខ្វះខាត អគារសិក្សាទៅតាមទំហំ និងបរិមាណនៃការបណ្តុះបណ្តាល របស់សាលាបឋមសិក្សាទន្លេអុំ ដែលមានសិស្សសរុបចំនួន៧៥៨នាក់ ស្រី៣៨៧នាក់ រៀបចំជា២០ថ្នាក់រៀន ដោយចែកចេញជា២វេន និងមានបុគ្គលិកសរុបចំនួន១៨នាក់ ស្រី១២នាក់ ក្នុងនោះមានគ្រូកិច្ចសន្យចំនួន៣នាក់ (ជាស្ត្រី) ទើបក្រុមការងារ ដែលដឹកនាំដោយឯកឧត្តម កែវ រតនៈ បានស្ថាបនាសាងសង់អគារសិក្សាមួយខ្នងនេះឡើង ដើម្បីរក្សាជាចំណងដៃ ជូនប្អូនៗសិស្សានុសិស្សបន្តការសិក្សា មានភាពងាយស្រួល និងស្របតាមនិយាមគរុកោសល្យ។ បន្ថែមលើសពីនេះ ឯកឧត្តមក៏បានផ្តល់ជូន គ្រឿងសម្ភារបរិក្ខា រួមមានតុសិស្ស កៅអីគ្រូ ក្តារខៀន សៀវភៅ ប៉ិច ខ្មៅដៃ អាល់កុល ម៉ាស់ និងឯកសណ្ឋាន សម្រាប់សង្កត់ថ្នាក់រៀន សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ។

ឯកឧត្តម កែវ រតនៈ បានថ្លែងថា ថ្ងៃនេះគឺជាឱកាសមួយ ដែលក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីសម្ពោធអគាសិក្សាថ្មីមួយខ្នង និងជួបជាមួយលោកយាយ លោកតា ដើម្បីសម្តែងនូវក្តីនឹងរលឹក និងបង្ហាញពីចំណងសាមគ្គី ក្នុងនាមយើងទាំងអស់គ្នាជាក្រុមគ្រួសារតែមួយ។ ជាការពិតណាស់ថា កម្មវិធីចាស់ទុំនេះ គឺចាប់ផ្តើមដំបូងនៅស្រុកក្រគរ តែដោយក្រុមការងារទទួលបន្ទុកបន្ថែមនៅស្រុកកណ្តៀងមួយទៀត ដូច្នេះហើយបានជារៀបចំកម្មវិធីនេះឡើង ឱ្យដូចៗគ្នា នៅតាមបណ្តាឃុំដ៏ទៃទៀត ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង។ លោកយាយ លោកតា បានដឹងហើយថា រលកនៃជំងឺកូវីដ១៩ ពិតជាបានធ្វើឱ្យរាំងស្ទះដល់សេដ្ឋកិច្ចពិភពលោក និងបណ្តាលឱ្យមនុស្សជាច្រើនលាននាក់បានបាត់បងជីវិត ដោយសារជំងឺដ៏កាចសាហាវនេះ ហើយប្រទេសកម្ពុជាយើង ក៏ទទួលរងគ្រោះដោយសារជំងឺនេះផងដែរ។ តែដោយសារក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ទើបមិនបណ្តាលឱ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចបណ្តាប្រទេសដ៏ទៃទៀត។

ឯកឧត្តមបានបន្ថែមថា ក្រោមម្លប់សុខសន្តិភាពរបស់សម្តេច ពិតណាស់ថា ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ ជាក់ស្តែងដូចជាការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីមួយខ្នងនេះ គឺដើម្បីឱ្យកូនក្មួយប្រជាពលរដ្ឋយើង មានកន្លែងសិក្សារៀនសូត្រសមរម្យ និងខិតខំអភិវឌ្ឍន៍ កសាងខ្លួន ជាសសរទ្រូងសម្រាប់ប្រទេសជាតិ និងជាអ្នកបន្តវេនទៅថ្ងៃអនាគត។

ឯកឧត្តមសូមឱ្យលោកយាយ លោកតា ចូលរួមថែរក្សាតម្លៃសន្តិភាព ដែលរកមកដោយលំបាកនេះ និងជម្រុញដល់កូនចៅ ទៅទទួលវ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញ ដើម្បីបង្ការជំងឺកូវីដ១៩ទាំងអស់គ្នា ហើយក្រុមការងារនៅបន្តចាំជួយ ដល់លោកយាយ លោកតា ក៏ដូចកូនចៅប្រជាពលរដ្ឋ ដោយមិនរត់ចោលអ្នកទាំងអស់គ្នាឡើយ និងសូមឱ្យលោកយាយ លោកតា ថែរក្សាសុខភាពរងចាំមើលការអភិវឌ្ឍន៍រីកចម្រើនរបស់ឃុំយើងតទៅទៀត៕

Ti Amo (ពស)

អត្ថបទទាក់ទង