រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រយៈពេលជាង៤ខែមកនេះ អភិបាលខេត្តពោធិ៍សាត់ បានរៀបចំដាក់អំពូលភ្លើងឆ្លាតវៃLED ប្រមាណជិត១ពាន់អំពូល ដើម្បីឱ្យក្រុងពោធិ៍សាត់ មានសោភ័ណភាពកាន់តែស្រស់ត្រកាល

  • 388
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្នុងមុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រយៈពេលជាង៤ខែមកនេះ ឯកឧត្តម ជាវ តាយ បានចាត់ចែងឱ្យក្រុមការងារជំនាញ រៀបចំដាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED ប្រមាណជិត១ពាន់អំពូល រួមនឹងភ្លើងលម្អចម្រុះព័ណ៌នៅតាមបង្គោលភ្លើងនីមួយៗ សម្រាប់ផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ ដើមី្បធ្វើឱ្យទីប្រជុំជនក្រុងមានសោភ័ណភាពកាន់តែស្រស់ត្រកាល ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត។

ការរៀបចំភ្លើងបំភ្លឺផ្លូវសាធារណៈខាងលើនេះ គឺធ្វើឡើងក្រោមម្លប់នៃសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំមកនូវការអភិវឌ្ឍន៍ រីកចម្រើន លើគ្រប់វិស័យ។

បើតាមឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ខេត្តពោធិ៍សាត់របស់យើងបច្ចុប្បន្ន ត្រូវមានការរៀបចំជាចាំបាច់បំផុត គឺសោភណ្ឌភាព បរិស្ថាន និងសណ្តាប់ធ្នាប់ ដោយត្រូវអ៊ុតកៅស៊ូផ្លូវលេខ១០១, អ៊ុតកៅស៊ូផ្លូវជាតិលេខ៥ ចន្លោះផ្លូវវៀងក្រុង, ការរៀបចំចញ្ចើមផ្លូវ, កែលម្អឡើងវិញផ្លូវកៅស៊ូដែលស្រុត ឬខូចខាត, ដាក់អំពូលភ្លើងកន្លែងខ្វះខាតនៅចំណុចខ្លះៗ, រៀបចំការប្រមូលសម្រាមឱ្យបានត្រឹមត្រូវ បានន័យថាយើងនឹងធ្វើបន្តដូចភ្លៀងរលឹម មិនឈប់ទេ។

ឯកឧត្តមបានឱ្យដឹងទៀតថា គិតចាប់តាំងពីឯកឧត្តមបានមកចូលកាន់មុខតំណែងថ្មី ជាអភិបាលគ្រប់គ្រងខេត្តពោធិ៍សាត់ ឯកឧត្តមមានចក្ខុវិស័យ ចាប់ផ្តើមដំបូង លើការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវសាធារណៈ គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មុននឹងឈានដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសមិទ្ធផលផ្សេងៗដ៏ទៃទៀត។ ដែលបច្ចុប្បន្នអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED ប្រមាណជិត១ពាន់អំពូលហើយ ត្រូវបានតម្លើងរួចរាល់ រួមទាំងភ្លើងលម្អចម្រុះព័ណ៌ជាច្រើនទៀត ក៏ត្រូវបានរៀបចំតម្លើងរួចរាល់ហើយដែរ នៅតាមបង្គោលភ្លើង តាមផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ ហើយយើងនឹងបន្តដាក់បន្ថែមទៀត។

ឯកឧត្តមបានបន្ថែមថា ពាក់ព័ន្ធនឹងការរៀបចំបំពាក់អំពូលភ្លើងបំភ្លឺផ្លូវនេះ គឺដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម សំដៅធ្វើយ៉ាងណាឱ្យទីប្រជុំជនក្រុងពោធិ៍សាត់ មានភាពទាក់ទាញ និងស្រស់បំព្រង ហើយប្រជាពលរដ្ឋក៏អាចប្រកបមុខរបររកស៊ីបានសមប្រកប និងធ្វើដំណើរនាពេលយប់ដោយគ្មានការភ័យខ្លាច។ ចំពោះបញ្ហាប្រព័ន្ធផ្លូវក្នុងក្រុងពោធិ៍សាត់ឯណោះវិញ ឯកឧត្តមបាននឹងកំពុងជម្រុញបន្ថែមដល់ក្រុមការងារអន្តរក្រសួង និងក្រុមហ៊ុនគិរីដងរ៉ែក ដែលទទួលម៉ៅការ ធ្វើយ៉ាងណាពន្លឿនការស្ថាបនាសាងសង់ ឱ្យបានមុនឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រៃពីណីជាតិខ្មែរខាងមុខ។

បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកដ៏ទៃទៀត ក្នុងខេត្តពោធិ៍សាត់ បានស្ញោចសរសើរមិនដាច់ពីមាត់ ចំពោះគោលគំនិតច្នៃប្រឌិត របស់ឯកឧត្តម ជាវ តាយ ដែលជាអភិបាលខេត្តនិយាយតិចធ្វើច្រើន ក្នុងការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ និងភ្លើងលម្អចម្រុះព័ណ៌ ហើយពួកគេបានប្តេជ្ញានឹងបន្តថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីជាប្រយោជន៍រួម និងចូលរួមថែរក្សាតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតមានការអភិវឌ្ឍន៍រីកចម្រើនមកដល់ពីនេះ៕

Ti Amo (ពស)

អត្ថបទទាក់ទង