រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្ត ដល់បេក្ខជនជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ (Video inside)

  • 632
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តពោធិ៍សាត់ សម័យប្រឡង ២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូង​ដ៏រឹងមាំ សម្រាប់ប្រទេសជាតិ​នាពេល​ខាងមុខ។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងបេក្ខជនជ័យលាភីប្រឡងជាប់យ៉ាងច្រើនកុះករ។

លោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានឱ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ក្នុងខេត្តពោធិ៍សាត់ មានសិស្សប្រឡងជាប់សរុប ១,៨៩១នាក់ ស្រី១,០៩៦នាក់ លើបេក្ខជនមកប្រឡងសរុប ៣,២៤០នាក់ ស្រី១,៦៩៣នាក់ ស្មើនឹង៥៨.៣៦% ស្រី៦៤,៧៤%។ សម្រាប់ឆ្នាំ២០២១នេះ លទ្ធផលនិទ្ទេសA ចំនួន២៨នាក់ ស្រី១៣នាក់, និទ្ទេសB ចំនួន១៤២នាក់ ស្រី៨០នាក់, និទ្ទេសC ចំនួន៣០៧នាក់ ស្រី១៧៧នាក់, និទ្ទេសD ចំនួន៥៨៦នាក់ ស្រី៣៦៥នាក់ និងនិទ្ទេសE ចំនួន៨២៨នាក់ ស្រី៤៦១នាក់។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងចូលរួមអបអរសាទរ ដល់ក្មួយៗសិស្សានុសិស្ស ដែលជាជ័យលាភីប្រឡងជាប់សញ្ញបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១កន្លងមកនេះ។  ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​បំផុត ​ជូនចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល​សិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀននិងបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធOnline និងការចុះបង្រៀនដល់ផ្ទះ ដែលទាំងនេះ​ជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យក្មួយៗសិស្សានុសិស្សបានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូង​ដ៏រឹងមាំ សម្រាប់ប្រទេសជាតិ​។

យើងទាំងអស់គ្នាបានដឹងហើយថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលកន្លងមកនេះ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋពេញផ្ទៃប្រទេស មានប្រព័ន្ធភាពស៊ាំគ្រប់ៗគ្នា និងបានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។ តែទោះជាយ៉ាងនេះក្តី កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន កំពុងទទួលរងនូវការរាតត្បាតជាថ្មីម្តងទៀត នៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដាក់ចេញវិធានការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជម្រុញ ជូនដល់ប្រជាជនកម្ពុជាគ្រប់ៗរូប ដើម្បីឆ្លងកាត់គ្រាដ៏លំបាកនេះបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បាននឹងកំពុងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស និងបុគ្គលិក​អប់រំគ្រប់លំដាប់ថ្នាក់ តាមរយៈការដាក់ចេញនូវវិធានការ​ជាច្រើន ក៏ដូចជាការចេញសេចក្តីជូនដំណឹង និងសេចក្តីណែនាំផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិធានការសុខភាព, ការរៀបចំរដ្ឋបាលឌីជីថល, ការលើកកម្ពស់វិធានការគម្លាតសុវត្ថិភាព, ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិច និងការផ្តល់សេវារៀនសូត្រពីចម្ងាយ ក្នុងបរិបទបង្កើតទម្លាប់រស់នៅធម្មតា តាមគន្លងថ្មី។

ឯកឧត្តមក៏បានណែនាំដល់ក្មួយៗ ក្នុងនាមជាសិស្សានុសិស្ស និងជាយុវជនបន្តវេន ត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសចាកឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានា ដែលសង្គមស្អប់ខ្ពើម។

ជាការលើកទឹកចិត្តជូនដល់ក្មួយៗសិស្សានុសិស្សប្រឡងជាប់ ឯកឧត្តមបានផ្តល់ជូនថវិកាដល់អ្នកដែលបានចូលរួមជាក់ស្តែង សម្រាប់និទ្ទេសAចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២លានរៀល, និទ្ទេសB ចំនួន៣២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៤០ម៉ឺនរៀល, និទ្ទេសC D និងE ចំនួន២៦១នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល។ ដោយឡែកសម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន៤៦នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល និងសិស្សបំពេញវិជ្ជា ចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល សរុបជារួមថវិកាដែលត្រូវចំណាយ ចំនួន៥៨លាន និង៣សែនរៀល៕

Ti Amo (ពស)

អត្ថបទទាក់ទង