រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រមណីយដ្ឋានធម្មជាតិកែច្នៃជាច្រើន កំពុងតែមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ នៅតំបន់ភ្នំ១៥០០ «ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង» (Photos Inside)

  • 714
  • ដោយ Admin

(ពោធិ៍សាត់)៖ រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ ជាង១០កន្លែង បាន​​នឹងកំពុងវិវត្តន៍ខ្លួន ជាមួយនឹងសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ​នៅ​ស្រុក​វាលវែង ខណៈ​ដែលស្រុកមួយនេះ ត្រូវបាន​ជាប់ឈ្មោះ​ជា​ស្រុកទេសចរណ៍​ល្បី​បំផុត​នៅ​ខេត្ត​ពោធិ៍សាត់ ដែលបច្ចុប្បន្នមានកា​រវិនិយោគ​អភិវឌ្ឍ​​ជា​ច្រើន ​ដើម្បី​បម្រើដល់​កំណើន​ភ្ញៀវ​ទេសចរគ្រប់ជាតិសាសន៍។

ទីតាំងដែលជាទីចាប់អារម្មណ៍ខ្ពស់នោះ គឺនៅរ៉បមាត់ផ្លូវជាតិលេខ៥៥ តំបន់ភ្នំ១៥០០ «ផ្លូវបុប្ផាលាក់ខ្លួន» ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ ដែលចង់មកគយគន់ និងថតរូបទុកជាអនុស្សាវរីយ៍ នូវទេសភាព ព្រៃ ភ្នំ ទឹកធ្លាក់ និងខ្សែផ្លូវបត់បែនឡើងចុះដូចអន្ទង់អាំង។

ភ្ញៀវទេសចរដែលបានមកលេងនៅទីនោះ មិនត្រឹមតែគយទេសភាពដ៏ស្រស់ស្អាតគ្មានពីរប៉ុណ្ណោះទេ ភ្ញៀវទេសចរយើងប្រាកដជាឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែន រវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។ នៅទីនោះភ្ញៀវទេសចរ ក៏អាចឆ្លងកាត់ទៅលេខខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណី ជាប់មាត់សមុទ្រ និងមានរបស់របរមួយចំនួនទៀត។ ចំពោះការបើកឱ្យចូលទៅទស្សនានៅខេត្តត្រាតនេះ គឺមានការបើកជាចន្លោះថ្ងៃ មានន័យថា បើកមួយថ្ងៃ ខានមួយថ្ងៃ តែដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ទាំងភាគីកម្ពុជា និងភាគីថៃ បានផ្អាកការចេញចូលសម្រាប់ភ្ញៀវទេសចរណ៍មួយរយះសិន។ មួយវិញទៀត ភ្ញៀវទេសចរក៏អាចទិញម្ហូបអាហារ ជាគ្រឿងសមុទ្រយកមកទទួលទានបាន ឬអាចកម្មង់ទិញយកទៅធ្វើម្ហូបទទួលទានបានផងដែរ។

ក្រលែកមើល រមណីយដ្ឋាន «ថ្មដាផារ៉ាដាយរីសត - Thmorda Paradise Resort»ឯនេះវិញ គឺសុទ្ធតែកែច្នៃឡើងពីធម្មជាតិ ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅថតរូបទុកជាអនុស្សាវរីយ៍ (Pre-Wedding), លេងកម្សាន្ត, បោះតង់, ងូតទឹក, មានបន្ទប់តូច ធំស្នាក់នៅតាមតម្រូវការ សមស្របទៅនឹងអាកាសធាតុត្រជាក់គ្រប់រដូវកាល មិនចាញ់ខេត្តមណ្ឌលគិរីនោះឡើយ។

បើតាមការផ្សព្វផ្សាយរបស់រមណីយដ្ឋាន «ថ្មដាផារ៉ាដាយរីសត - Thmorda Paradise Resort» បានឱ្យដឹងពីសេវាកម្មនៅទីនោះ គឺមានបន្ទប់ជួល (បឹងកាឡូ) តម្លៃចាប់ពី ៥០ ទៅ១០០ដុល្លារ, មានតង់សម្រាប់ជួល តម្លៃចាប់ពី ២០ទៅ៣៥ដុល្លារ, អាចងូតទឹកលេងក្នុងអាងសិប្បនិម្មិត ឬទឹកជ្រោះតូចនៅក្បែរទីនោះ, អាចអាំងសាច់ ឬរាំច្រៀងកម្សាន្ត និងអាចមើលអំពិលអំពែកបានផងដែរ។

រមណីយដ្ឋាននេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណជា១៧២គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណជា៣៦២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕ សម្រាប់ពត៌មានលម្អិត ឬខលកក់បន្ទប់៖ 092222005

អត្ថបទទាក់ទង