រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រុមហ៊ុន NSZ World ចែកស្បៀងជូនដល់ជនចាស់ជរាគ្មានទីពឹង និងគ្រួសារទីទ័លក្រ ចំនួន៣០គ្រួសារ ក្នុងស្រុកភ្នំក្រវាញ និងជួបជាមួយសាក្សីប្រើប្រាស់ផលិតផលក្រុមហ៊ុន

  • 485
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្រុមហ៊ុន អិន.អេស.ហ្សេតវើលដ៍ ឯ.ក (NSZ World) ដែលជាក្រុមហ៊ុនទទួលស្គាល់ស្តង់ដារដោយកម្ពុជា លើការចរាចរផលិតផលថែរក្សាសុខភាព និងសម្បស្ស ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យមានសុខភាពល្អ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានចុះជួបសំណេះសំណាល ជាមួយសាក្សីប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋ ដែលជាជនចាស់ជរាគ្មានទីពឹង និងគ្រួសារទីទ័លក្រជួបការលំបាក ចំនួន៣០គ្រួសារ មកពីឃុំចំនួន០៦ នៃស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សម្រាប់ទុកប្រើប្រាស់ និងដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវត្តស្បូវរីក ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកស្រី វ៉ាន់ ភូមិរ៉ា អភិបាលរងស្រុកភ្នំក្រវាញ, លោក ហាន សីហា អគ្គនាយករងក្រុមហ៊ុន NSZ World, លោកនាយករដ្ឋបាលសាលាស្រុក, ក្រុមប្រឹក្សាឃុំ, មេភូមិ, អ្នកស្ម័គ្រចិត្តគម្រោងមូលនិធិឃុំទាំង៦, សាក្សីដែលបានប្រើប្រាស់ផលិតផលក្រុមហ៊ុន, ភ្ញៀវកិត្តិយស, គ្រួសារទីទ័លក្រ និងសហការីក្រុមហ៊ុនយ៉ាងច្រើនកុះករ។

លោក ហាន សីហា អគ្គនាយករងក្រុមហ៊ុន NSZ World បានថ្លែងថា ក្រុមហ៊ុន NSZ World គឺជាក្រុមហ៊ុនស្របច្បាប់មួយ ដែលមានការនាំចូល និងចែកចាយផលិតផលថែទាំសុខភាព និងសម្ផស្ស ជាប្រភេទឡេលាប ដែលមួយផ្នែកធំអាចព្យាបាលសន្លាក់ និងសរសៃឈាម រួមចំណែកជួយដល់ផ្នែកសុខភាព។ ក្រុមហ៊ុន NSZ World ក៏ជាក្រុមហ៊ុនមួយ ដែលអាចជួយបណ្ដុះបណ្ដាលយុវជន ឱ្យចេះធ្វើអាជីវកម្មទីផ្សារបណ្តាញ ដើម្បីឱ្យពួកគេមានការងារ និងមុខរបរច្បាស់លាស់ផងដែរ។ គ្រប់ផលិតផលិតរបស់ NSZ World គឺមិនមានហានិភ័យដល់សុខភាព គឺគ្រាន់តែលាបលើសរសៃជីពចរ នឹងអាចមានអាការៈប្រសើរឡើងជាបន្តបន្ទាប់។ បច្ចុប្បន្នក្រុមហ៊ុន ក៏បានពង្រីកសាខាការិយាល័យស្តុកផលិតផលស្ទើរគ្រប់រាជធានីខេត្ត ទូទាំងប្រទេស ហើយក្រុមហ៊ុនក៏បានពង្រីកទីផ្សារទៅក្រៅប្រទេសផងដែរ មានដូចជាប្រទេសវៀតណាម កូរ៉េខាងត្បូង ឥណ្ឌា ហ្វីលីពីន ឡាវ និងប្រទេសថៃជាដើម។ មិនតែប៉ុណ្ណោះក្រុមហ៊ុន NSZ World បានស្វែងរកមូលនីធិពីសប្បុរសជន ដើម្បីចូលរួមកិច្ចការងារសង្គមនានា ជាក់ស្តែងដូចថ្ងៃនេះ ក្រុមហ៊ុនបាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋដែលជាជនចាស់ជរាគ្មានទីពឹង និងគ្រួសារទីទ័លក្រជួបការលំបាក ចំនួន៣០គ្រួសារ មកពីឃុំចំនួន០៦ នៃស្រុកភ្នំក្រវាញ។

លោកស្រី វ៉ាន់ ភូមិរ៉ា អភិបាលរងស្រុកភ្នំក្រវាញ បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន NSZ World ក៏ដូចជាសប្បុរសជនដ៏ទៃទៀត ដែលបាននាំយកអំណោយ មកចែកជូនជនចាស់ជរាគ្មានទីពឹង និងគ្រួសារទីទ័លក្រជួបការលំបាកនាពេលនេះ។ លោកស្រីបានបន្ថែមថា សកម្មភាពនេះ គឺជាការរួមចំណែកការលំបាក ដែលមិនអាចខ្វះបាន ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក របស់ក្រុមហ៊ុន និងសប្បុរសជន។ លោកស្រី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុន NSZ World ដែលបាននាំមកនូវផលិតផល ជួយថែបំប៉នសុខភាព និងសម្ផស្ស ជូនប្រជាពលរដ្ឋនៅកម្ពុជា ព្រោះថាកាលណាយើងមានផលិតផលល្អសុទ្ធ និងអនុវត្តស្របទៅនឹងច្បាប់ហើយ គឺប្រៀបបីដូចជាជួយថែរក្សាសុខភាព គាំពារសុខមាលភាពប្រជាពលរដ្ឋ ពិសេសគឺកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៀតផង។

លោកស្រី វ៉ាន់ ភូមិរ៉ា បានបញ្ជាក់ថា ការកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ គឺប្រៀបបីដូចជាចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជួយការងារសង្គមបានច្រើន ដែលជាការគាំទ្រគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រៅពីការនាំចូលនូវផលិតផលដ៏ពិសេសនេះ ក៏ជាការបង្កើតឱកាសការងារដ៏ច្រើន និងបង្កើនប្រាក់ចំណូលដល់យុវជន តាមរយៈការបង្កើតទីផ្សារបណ្ដាញ ពិសេសគឺបានចូលរួមបង្កើនចំណូលពន្ធដារជូនរដ្ឋទៀតផង។

លោកស្រីអភិបាលរងស្រុក ក៏បានអំពាវនាវដល់សហការីក្រុមហ៊ុន NSZ Worldទាំងអស់ សូមអនុវត្តការធ្វើអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងច្បាប់ និងបទប្បញ្ញត្តិនានា ព្រមទាំងត្រូវពន្យល់ប្រាប់អថិតិជនឱ្យបានច្បាស់ អំពីការប្រើប្រាស់ផលិតផលនេះ ជៀសវាងការកើតមានបញ្ហាភាន់ច្រឡំដោយប្រការណាមួយ។

ក្នុងឱកាសនោះ លោកស្រី វ៉ាន់ ភូមិរ៉ា និងលោក ហាន សីហា ព្រមទាំងសហការី បានចែកជូនអំណោយ ដល់ប្រជាពលរដ្ឋដែលជាជនចាស់ជរាគ្មានទីពឹង និងគ្រួសារទីទ័លក្រជួបការលំបាក ចំនួន៣០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី និងទឹកស៊ីអ៊ីវ ២ដប។ ក្រៅពីនោះក្រុមហ៊ុន NSZ World ក៏បានផ្តល់ជូនកាដូ ជាអាវយឺត ដល់អតិថិជន ដែលប្រើប្រាស់ផលិតផលិតរបស់ក្រុមហ៊ុន ចំនួន៤០នាក់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង