រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង កំពុងជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ! អ្នកបានទៅកម្សាន្ត នឹកមិនភ្លេចចង់ទៅម្តងទៀត (Video inside)

  • 728
  • ដោយ Admin
https://www.youtube.com/watch?v=hUMYyoaNE0E&feature=emb_logo

(ពោធិ៍សាត់)៖ ច្រក «ល្អៀង» ជារមណីយដ្ឋានធម្មជាតិបែបផ្សងព្រេង នៅខេត្តពោធិ៍សាត់! បើភ្ញៀវទេសចរបាន ទៅដល់ទីនោះហើយ ប្រាកដជាមិនចង់វិលត្រឡប់មកវិញ ឬក៏មកវិញ ហើយចង់វិលត្រឡប់ទៅម្តងទៀត។ រមណីយដ្ឋាន «ទឹកធ្លាក់ច្រកល្អៀង» ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយប្រមាណ ១៩៥គីឡូមែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវលេខ៥៣B ពីប្រជុំជនស្រុកក្រគរ មានចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ទើបដល់រមណីយដ្ឋាន។

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលអ្នកស្រុកនិយមហៅតៗគ្នាថា ទឹកធ្លាក់តំបន់យ៉ោក។ តំបន់រមណីយដ្ឋាននេះនៅចន្លោះភ្នំ( ភ្នំព័ទ្ធជុំវិញ) មានព្រៃឈើខ្ពស់ៗ ដុះលំអរ និងមានប្រភេទឈើមានតម្លៃច្រើនប្រភេទដូចជា ខ្លុង ត្បែង ធ្នង់ នាងនួន ស្រឡៅ សុក្រម ព្រះភ្នៅ ខ្លឹមច័ន្ទ ផ្ចឹក រាំងភ្នំ កកោះ ផ្តៀក គគីរ ។ល។ រីឯសត្វព្រៃវិញមានខ្លា ឈ្លួស ប្រើស ស្វា ជ្រូកព្រៃ ទោចជាដើម។

នៅក្នុងរមណីយដ្ឋាន មានកន្លែងកន្សាន្តជាច្រើនកន្លែងដោយធ្វើការបែងចែកជាដំណាក់ៗ សម្រាប់ភ្ញៀវទេសចរទស្សនា កម្សាន្តដូចជា៖ ១-ដំណាក់ តាង៉ុក គយ, ២-ដំណាក់កោះយាយចាំតា, ៣-ដំណាក់ទឹកឈូរ, ៤-ដំណាក់មនោរម្យ, ៥-ដំណាក់ថ្មសណ្តូក, ៦-ទឹកជ្រោះដំណាក់ព្រះ, ៧-ដំណាក់ម្លប់ជ្រៃក្រឹម, ៨-ដំណាក់កោះសុបិន្ត, ៩-ដំណាក់ទឹកធ្លាក់, ១០-ដំណាក់កោះដាច់ និង១១-ដំណាក់កោះភ្ញៀវ។ តំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានលក្ខណៈពិសេស៣ ធ្វើឱ្យអ្នកចូលកម្សាន្ត ចាប់អារម្មណ៍យ៉ាងខ្លាំង គឺទី១-មានទឹកថ្លាត្រជាក់, ទី២-មានទេសភាពស្រស់ស្អាត និងទី៣-មានទឹកជ្រោះធ្លាក់ច្រើនដំណាក់គួជាទីគយគន់។

បើតាមលោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ចាប់ពីខែដំណាច់ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២នេះ កំណើនភ្ញៀវទេសចរក្នុងស្រុកមានសន្ទុះ កើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះភាគច្រើនតំបន់ រមណីយដ្ឋានធម្មជាតិ ហើយប្រសិនបើស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ កាន់តែធូរស្រាល មែនទែននោះកំណើន ភ្ញៀវទេសចរណ៍ សំខាន់ទេសចរណ៍ក្នុងស្រុក នឹងមានការកើនឡើងខ្ពស់ជាក់ជាមិនខាន៕

អត្ថបទទាក់ទង