រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ជាវ តាយ នាំយកអំណោយរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤

  • 381
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក និងនាំយកអំណោយរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤ ដែលអង្គភាពសម្ព័ន្ធមេត្រីភាពនឹងគ្នា។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, តំណាងអាជ្ញាធរអគ្គិសនី, អភិបាលរងនៃគណៈអភិបាលខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, ក្រុមការងារ, អាជ្ញាធរស្រុក ឃុំ និងបងប្អូនកងកម្លាំងប្រមាណជិត៨០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងរបស់យើង នៅគ្រប់កាលៈទេសៈទាំងអស់។ ដោយស្ថានភាពនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក ហើយប្រទេសកម្ពុជារបស់យើង ក៏បានជួបនូវវិបត្តិដោយសារជំងឺនេះផងដែរនោះ ក្រោមការដឹកនាំ របស់សម្ដេចតេជោ សម្ដេចបានយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ដែលបានព្យាយាមទំនាក់ទំនង ស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ កុមារ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់យើង បានទទួលវ៉ាក់សាំងមុនគេ។

ឯកឧត្តមបានថ្លែងទៀតថា គិតទល់ពេលនេះ ប្រទេសរបស់យើង ស្ថិតក្នុងស្ថានភាពរឹងមាំ ក្នុងការចាកចេញពីជំងឺកូវីដ១៩ តែទោះជាយ៉ាងនេះក្តី ស្ថានភាពដែលកំពុងប្រឈមមុខបច្ចុប្បន្ន គឺការឆ្លងរីករាលដាល មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ដែលទាមទារឱ្យយើងទាំងអស់គ្នា ត្រូវទៅទទួលវ៉ាក់សាំងកូវីដ១៩ ដូសជម្រុញ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ ទប់ស្កាត់ការឆ្លងរីករាលទៅក្នុងសហគមន៍។ ឯកឧត្តមបន្ថែមថា មិនយូរទេស្ថានភាពសេដ្ឋកិច្ច នៅក្នុងប្រទេស និយាយជារួម និងនិយាយដោយឡែក សម្រាប់ខេត្តពោធិ៍សាត់ នឹងមានការរីកចម្រើនដូចដើមវិញជាក់ជាពុំខាន។ ហើយឯកឧត្តមសូមសន្យាថា នឹងរៀបចំឱ្យមានកម្មវិធីជួបជុំអាហារសាមគ្គី នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ ប្រសិនបើស្ថានភាពកូវីដ១៩ធូរស្រាល ពិសេសយើងទាំងអស់គ្នាបានទទួលវ៉ាក់សាំង ដូសជម្រុញគ្រប់ៗគ្នា។

ឯកឧត្តមក៏សូមផ្ដាំផ្ញើ ដល់កងកម្លាំងរបស់យើងទាំងអស់ ត្រូវបន្តថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយត្រូវចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ ដើម្បីសហគមន៍របស់យើងគ្មានជំងឺកូវីដ១៩។

អំណោយរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ដែលត្រូវចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤ រួមមាន៖ មីម៉ាម៉ា៤០០កេស, ប៊ីចេង១៥បាវ, ត្រីខកំប៉ុង៥០កេស, ត្រីងៀត១០០គីឡូក្រាម, សាច់ក្រក១០០គីឡូក្រាម, ឆៃប៉ូវ១០០ក្រាម, ទឹកត្រី ទឹកស៊ីអ៊ីវ៧០០យួរ, ស្ករត្នោត២០០គីឡូក្រាម, ម៉ាស១៤កេសធំ ស្មើនឹង៧០០ប្រអប់ និងអាល់កុល២៤០លីត្រ៕

Ti Amo (ពស)

អត្ថបទទាក់ទង