រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនប្រជាពលរដ្ឋជួបកង្វះខាត ចំនួន៣២៩គ្រួសារ មកពី៤សង្កាត់ នៃក្រុងពោធិ៍សាត់

  • 313
  • ដោយ Admin

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ ដែលជាជនចាស់ជរាគ្មានទីពឹង អ្នកមានជំងឺរ៉ាំរ៉ៃ ជនពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រ មានកូនក្នុងបន្ទុកច្រើន និងអ្នក​ធ្វើការងារ ដោយដោះដូរពលកម្ម ជួបការលំបាកទីទ័លក្រ ចំនួន៣២៩គ្រួសារ មកពីសង្កាត់រលាប សង្កាត់បន្ទាយដី សង្កាត់ចំរើនផល និងស្វាយអាត់ នៃក្រុងពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានមកទទួលយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្នាក់ការសាខាកាកបាទក្រហម​កម្ពុជាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់, លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស និងជាប្រធានឥស្សរជនឆ្នើមថ្នាក់សាខា និងដោយមាន​ការ​ចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ថ្នាក់កិត្តិយស គណៈកម្មាធិការ និងមន្ត្រីប្រតិបត្តិសាខាជាច្រើននាក់ទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បាននាំនូវការសាកសួរសុខទុក្ខ និងការផ្តាំផ្ញើ ពីសំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រោះថាជានិច្ចកាល សម្តេចតែងតែគិតគូរ ព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ពិសេសជនចាស់​ចាស់ជរាឥតទីពឹង កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ និងជនមានពិការភាព ព្រមទាំងបានផ្តល់អាទិភាព ក្នុងការចែកជូនអំណោយមនុស្សធម៌គ្រប់គ្រួសារ។ ទោះជាយ៉ាងនេះក៏ដោយ សម្តេចក៏មិនភ្លេចពីការលំបាកខ្វះខាតរបស់បងប្អូន ដែលរងផលប៉ះពាល់ដោយកត្តាផ្សេងៗនោះដែរ ពោលគឺបានចែកជូនជាបន្តបន្ទាប់ ទៅតាមប្រភេទនៃការរងគ្រោះ​ មិនបានប្រកាន់ឬរើសអើង ពីនិន្នាការ​នយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈព័ណ៌សម្បុរអ្វីឡើយ ឱ្យតែទទួលរងគ្រោះ គឺសុទ្ធតែទទួលបាននូវការឧបត្ថម្ភស្មើៗគ្នា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ឯកឧត្តមបានថ្លែងឱ្យដឹងទៀតថា  នូវរាល់អំណោយដែលបានចែកជូន គឺសុទ្ធតែជាការបរិច្ឆាក ទាំងថវិកា និងសម្ភារៈ របស់សប្បុរសជន ​​​ក្នុងនិងក្រៅប្រទេស ដែលមានជំនឿទុកចិត្ត ចំពោះសកម្មភាពមនុស្សធម៌ ក្រោមការ ដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ​សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ជួយទៅដល់ជនរងគ្រោះគ្រប់មូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរដែនដី សាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ដែលបានខិតខំ​ប្រឹងប្រែង និងទទួលខុសត្រូវខ្ពស់ចំពោះការងារមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងខណៈនោះដែរ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យធ្វើការណែនាំ និងផ្សព្វផ្សាយបន្ត ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅដល់១៨ឆ្នាំ និងចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ត្រូវទៅទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការការឆ្លងរាលដាល ក៏ដូចជាការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង និងត្រូវបន្តអនុវត្តន៍វិធានការ «៣ការពារ ៣កុំ» ក៏ដូចជាវិធានការនានារបស់ប្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា។

អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋជួបកង្វះខាត ចំនួន៣២៩គ្រួសារ មកពី៤សង្កាត់ នៃក្រុងពោធិ៍សាត់ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីទ្បូក្រាម, មី១កេសតូច, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹក១ដប, នំប៉ុង១ដើម និងថវិកា២ម៉ឺន៕

Ti Amo (ពស)

អត្ថបទទាក់ទង