រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

លោកជំទាវ ជា ខេង ស៊ុយ សែម និងលោកជំទាវ លាង ហៃ ជាវ តាយ បំពាក់អាវរងារ ជូនជនចាស់ជរាគ្មានទីពឹង ចំនួន១២២៩នាក់ នៅស្រុកបាកាន

  • 689
  • ដោយ Admin

(ពោធិ៍សាត់)៖ លោកជំទាវ ជា ខេង ស៊ុយ សែម ដោយបានការចូលរួមពីលោកជំទាវ លាង ហៃ ជាវ តាយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់អាវរងារ ជូនជនចាស់ជរាគ្មានទីពឹងចំនួន១២២៩នាក់ មកពីឃុំចំនួន០៩ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកបាកាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារ  អភិបាលស្រុក និងមេឃុំទាំង០៩ផងដែរ។

ឯកឧត្តម ម៉េង ស័ក្កិធារ៉ា ប្រធានក្រុមការងារចុះជួយស្រុកបាកាន បានថ្លែងថា គ្រាន់តែចូលដល់រដូវត្រជាក់ភ្លាម ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម និងលោកជំទាវ ជា ខេង បាននឹកឃើញដល់លោកតាលោកយាយ ដែលគ្មានកូនចៅជាទីពឹងពាក់ ក៏បាននាំយកអាវរងារ មកចែកជូននាពេលនេះតែម្ដង។ នេះជាការគិតគូរ និងយកចិត្តទុកដាក់ របស់ឯកឧត្តមនិងលោកជំទាវ ដែលកន្លងមកក៏ដូចសព្វថ្ងៃនេះ បានជួយជីកស្រះសហគមន៍គ្រប់ឃុំ ក្នុងស្រុកបាកាន បង្កើនការដាំបន្លែគ្មានជាតិគីមី  ចិញ្ចឹមត្រី និងចិញ្ចឹមមាន់ជាដើម។

លោកជំទាវ ជា ខេង ស៊ុយ សែម មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែបានណែនាំ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរដែនដី ត្រូវនាំគ្នាធ្វើអំពើល្អ ចុះជួបជាមួយប្រជាពលរដ្ឋផ្ទាល់ ក្ដាប់នូវបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីដោះស្រាយជូនពួកគាត់ តាមអ្វីដែលអាចធ្វើទៅបាន។ ជាក់ស្ដែងថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់  ដោយសារលោកជាប់រវល់ការងាររាជរដ្ឋាភិបាល ពុំបានចុះមកផ្ទាល់ លោកក៏បានចាត់ឱ្យលោកជំទាវ ដែលជាភរិយា  នាំយកអាវរងារ មកចែកជូនលោកតាលោកយាយ ជាជនចាស់ជរាគ្មានទីពឹង ក្នុងស្រុកបាកាន។

ដោយសារកន្លងមកនេះ លោកតាលោកយាយ ធ្លាប់បានទទួលស្បៀង គ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗពីរាជរដ្ឋាភិបាល អង្គការមនុស្សធម៌ និងសប្បុរសជនមួយចំនួនមកហើយនោះ ដូច្នេះថ្ងៃនេះលោកជំទាវជូនតែអាវរងារទេ និងបន្ថែមថវិកាក្នុងម្នាក់៣ម៉ឺនរៀល សម្រាប់ទិញអ្វីដែលជាសេចក្ដីត្រូវការចាំបាច់របស់ខ្លួន។

ក្នុងពិធីចែកអាវរងារនោះ លោកជំទាវ ជា ខេង ស៊ុយ សែម បានជួបផ្ទាល់ជាមួយលោកយាយឈ្មោះ សួស ម៉ៅ អាយុ៨២ឆ្នាំ នៅភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន រស់នៅម្នាក់ឯកគ្មានទីពឹង បានអ្នកជិតខាងជួយផ្ដល់បាយសម្លររាល់ថ្ងៃនោះ លោកជំទាវក៏បានសន្យាឧបត្ថម្ភអង្ករ ចំនួន៥០គីឡូក្រាម និងថវិកា២០ម៉ឺនរៀល ក្នុងមួយខែ ជួយចិញ្ចឹមរហូតដល់ជីវិតចុងក្រោយរបស់លោកយាយ៕

Ti Amo (ពស)

អត្ថបទទាក់ទង