រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ប្រកាសមិនឱ្យយកលុយប្រចាំខែ ពីបទល្មើសគ្រប់ប្រភេទ ក្នុងករណីបើមានបុគ្គលណាប្រព្រឹត្ត ត្រូវអនុវត្តច្បាប់ ពុំមានការលើកលែង

  • 983
  • ដោយ Admin

(ពោធិ៍សាត់) ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសាលាប្រជុំជាន់ទី១សាលាខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តដាច់ខាតមិនឱ្យយកលុយប្រចាំខែ ពីបទល្មើសជលផល ឬបទល្មើសគ្រប់ប្រភេទនោះឡើយ ក្នុងករណីបើមានបុគ្គលណាប្រព្រឹត្ត ត្រូវអនុវត្តតាមច្បាប់ ដោយពុំមានការលើកលែង។

ឯកឧត្តម ជាវ តាយ បានប្រកាសបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ដោយមានការអញ្ជើញចូលរួម ពីលោកអភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង ស្រុក និងមន្ត្រីចំណុះឱ្យរដ្ឋបាលខេត្តមួយចំនួនទៀត។

តាមយៈរបៀបវារៈ នៃកិច្ចប្រជុំខាងលើនេះ បានពិនិត្យលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពនៃគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត, សមាសភាពអនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ, សមាសភាពគណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់បទល្មើសធនធានធម្មជាតិ, សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីកិច្ចសហការប្រឡងមធ្យមសិក្សាទុតិយភូមិ និងសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ​ស្តីពីការអនុវត្តតួនាទីភារកិច្ច របស់អភិបាលរាជធានីខេត្ត ស្រុក ក្រុង ​ខណ្ឌ ក្នុងដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។ ជាមួយគ្នានោះក៏មានសេចក្តីរាយការណ៍ របស់អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្ត លោកអភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានលើកឡើង អំពីច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសភាពការណ៍សន្តិសុខតាមព្រំដែន។

មានប្រសាសន៍បូកសរុប ឯកឧត្តម ​ជាយ តាយ បានដាក់ចេញ នូវផែនការសកម្មភាពសំខាន់ៗ ចំនួន០៨ចំណុចធំៗ សម្រាប់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុង យកទៅបន្តអនុវត្តន៍ រួមមាន៖

ទី១-សូមឱ្យរដ្ឋបាលស្រុក ក្រុង ពិនិត្យការរំលោភបំពានដីសាធារណៈរបស់រដ្ឋ កុំឱ្យមានការកាប់បំផ្លាញបន្តទៅទៀត និងត្រូវទប់ស្កាត់ឱ្យខាងតែបាន។

ទី២-ពាក់ព័ន្ធនូវរាល់សេចក្តីសម្រេចសមាសភាព ត្រូវធ្វើការកែតម្រូវឡើងវិញ។

ទី៣-ចំពោះបញ្ហាដោះស្រាយប្រឈមនៅក្នុងមូលដ្ឋាន បើដោះស្រាយមិនបានទេនោះ សូមរដ្ឋបាលស្រុក ក្រុង បញ្ជូនសំណុំរឿងបន្តមករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។

ទី៤-បញ្ហាគ្រឿងញៀន សូមឱ្យសមត្ថកិច្ច និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ និងចាត់វិធានការទប់ស្កាត់ កុំឱ្យមាននៅក្នុងមូលដ្ឋាន និងមិនត្រូវឱ្យកងកម្លាំង ប្រើប្រាស់ ឬចូលដៃចូលជើងជាមួយបទល្មើសគ្រឿងញៀននោះឡើយ។

ទី៥-ករណីសំរាមនៅក្នុងទីប្រជុំជនក្រុង ស្រុក គឺជាជំងឺសង្គម ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវតែរួមគ្នា ធ្វើការងារនេះឱ្យបានជាដាច់ខាត កុំឱ្យមានគំនរសំរាម នៅតាមដងផ្លូវ​ ឬទីសាធារណៈបន្តទៀត។

ទី៦-ចំពោះការដាំដើមត្នោត និងដើមឈើផ្សេងៗដ៏ទៃទៀត នៅក្នុងតំបន់៣ នៃដែនព្រៃលិចបឹងទន្លេសាប ត្រូវបង្កើតក្រុមការងារដាំដុះ និងស្តារឡើងវិញ សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងជាជម្រកត្រីពងដ៏មានសារៈសំខាន់។

​ទី៧​-រាល់សេចក្តីសម្រេច សេចក្តីណៃនាំ និងសេចក្តីជូនដំណឹងទាំងអស់ ត្រូវយកទៅអនុវត្ត សំដៅធ្វើយ៉ាងណាមានប្រសិទ្ធិភាព ទៅតាមការណែនាំ។

ទី៨-ពាក់ព័ន្ធទៅនឹងចរាចរណ៍ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញវិធានការ និងគោលការណ៍ជាច្រើន ដើម្បីកាត់បន្ថយអត្រាការស្លាប់ ពិការ និងខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដូច្នេះត្រូវតែពង្រឹង និងអនុវត្តវិធានការនេះឱ្យបានជាក់លាក់​។ ទន្ទឹមនឹងនេះ ត្រូវមានទីកន្លែងត្រួតពិនិត្យច្បាប់ចរាចរណ៍ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងត្រូវបន្តអនុវត្តចំពោះបទល្មើសជាក់ស្តែង តែបើគ្មានបទល្មើសទេនោះ សូមកុំហៅ ឬឃាត់ទុក ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកធ្វើដំណើរ៕

Ti Amo (ពស)

អត្ថបទទាក់ទង