រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ជម្រុញដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងពោធិ៍សាត់ និងស្រុកតាលោសែនជ័យ ដែលពុំទាន់មានទីស្នាក់ការ ឱ្យរៀបចំទីស្នាក់ការ ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២២ខាងមុខ

  • 396
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានជម្រុញដល់ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងពោធិ៍សាត់ និងស្រុកតាលោសែនជ័យ ដែលបច្ចុប្បន្នពុំទាន់មានទីស្នាក់ការត្រឹមត្រូវនោះ សូមជ្រើសរើសរកទីតាំងឱ្យបានសមរម្យ ដើម្បីរៀបចំសាងសង់ទីស្នាក់ការឱ្យបាន ក្នុងឆ្នាំ២០២២ខាងមុខ។

ឯកឧត្តម បានជម្រុញបែបនេះ នៅសាលប្រជុំស្នាក់ការ សាខាកាកបាទក្រហមខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែធ្នូ ឆ្នាំ២០២១ របស់សាខាកាកបាទក្រហមខេត្ត ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការ អនុប្រធានកិត្តិយសសាខា និងប្រធានអនុសាខាទាំង៧ ស្រុក ក្រុង និងមន្រ្តីសាខា សរុប៣៤រូប។

របៀបវារៈនៃកិច្ចប្រជុំ មាន៧សំខាន់៖

ទី១-ប្រសាសន៍ដឹកនាំអង្គប្រជុំដោយ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា

ទី២-អានរបាយការណ៍សកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្ត ខែធ្នូ ឆ្នាំ២០២១ ដោយលោកស្រី ឈុន លក្ខិណា មន្រ្តីរដ្ឋបាល-ហិរញ្ញកិច្ចសាខា

ទី៣-អានរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ដោយលោក វណ្ណ ចាន់សារ័ត្ន គណនេយ្យករសាខា

ទី៤-អានលិខិតលេខ ៥៤កក្រក.រហ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយ លោកស្រី កែ ធឿន ប្រធានអភិវឌ្ឍន៍សាខា

ទី៥-មតិចូលរួមរបស់សមាជិក សមាជិកា នៃអង្គប្រជុំ

ទី៦-សេចក្កីផ្សេងៗ

ទី៧-ប្រសាសន៍បូកសរុប ដោយឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា។

នាឱកាសនោះ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូល ប្រកបដោយក្តីនឹករលឹក​។ ឯកឧត្តម ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក ព្រមទាំងក្រុមប្រតិបត្តិសាខា ដែលកន្លងមក បានធ្វើការឆ្លើយតបដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋងាយរងគ្រោះក្នុងបរិបទជំងឺកូវីដ១៩។

ក្នុងនាមប្រធានគណៈកម្មាធិការសាខា ដែលទើបទទួលបានតំណែងថ្មី ឯកឧត្តម ជាវ តាយ បានសម្រចរៀបចំទីស្នាក់ការ អនុសាខាក្រុង ស្រុក ដែលពុំទាន់មាន រួមមានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងពោធិ៍សាត់ និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតាលោសែនជ័យ ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២២ខាងមុខ ដើម្បីឱ្យការអនុវត្តន៍សកម្មភាពមនុស្សធម៌ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជាងមុន។

ចំពោះការប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨​ ឧសភា ដើម្បីគៀងគររកថវិកា សម្រាប់ជួយទ្រទ្រង់មូលនិធិសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្នុងកិច្ចការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ឯកឧត្តមបានកំណត់យកបឋម នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ខាងមុខ ក្នុងករណីកែប្រែ នឹងត្រូវជូនដំណឹងឱ្យបានដឹងនាពេលក្រោយ៕

Ti Amo (ពស)

អត្ថបទទាក់ទង