រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

កម្មករ កម្មការនីរោងចក្រកាត់តៃអ៊ីហ្ស៊ី ដែលរស់នៅក្នុងស្រុកកណ្តៀង និងស្រុកក្រគរ ទាំងមុនទាំងក្រោយ ចំនួន៦,៧៧៦នាក់ ទទួលបានអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

  • 361
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត បញ្ចប់ចែកជូនដល់ក្មួយៗកម្មករ កម្មការនី រោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ដែលរស់នៅក្នុងឃុំកំពង់ពោធិ៍ ចំនួន៥៣៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម ​មី០១កេស ត្រីខ០១យូ ទឹកត្រី០៦ដប ម៉ាស់០១ដុំ សាប៊ូ០២ដុំ និងថ្នាំសង្កូវមួយចំនួន។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណអនុវិទ្យាល័យថ្គោលអណ្តែត ស្ថិតក្នុងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដោយមានការអញ្ជើញចូលរួមពីលោក ខូយ រីដា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃសាខា ក្រុមប្រតិបត្តិសាខា កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការងារចុះជួយឃុំ និងអាជ្ញាធរស្រុក ឃុំ ជាច្រើនទៀត។

ឯកឧត្តម ជាវ តាយ និងឯកឧត្តម កែវ រតនៈ បាននាំនូវការសាកសួរសុខទុក្ខ និងផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេច តែងតែគិតគូរ និងយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្មួយៗជាកម្មករ កម្មការនី ដែលកំពុងធ្វើនៅក្នុងរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ីស្រុកក្រគរ ដែលគិតមកទល់ពេលនេះ ទាំងស្រុកកណ្តៀង និងស្រុកក្រគរ គឺបញ្ជប់ត្រឹមចំនួន៦,៧៧៦នាក់។ ថ្នាក់ដឹកនាំទាំង២ បានថ្លែងថា ក្មួយៗជាកម្មករ កម្មការនីទាំងអស់ ពិតជាទទួលបាននូវប្រាក់ឈ្នួលប្រចាំខែ តែទោះជាយ៉ាងនេះក៏ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចនៅតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាព ជីវភាពរស់នៅរបស់ក្មួយៗ ដូចនេះហើយបានជាកាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលមានឯកឧត្តម ក្នុងនាមប្រធានកិតិ្តយស និងប្រធានគណៈកម្មាធិការសាខា មានឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកនូវអំណោយមនុស្សធម៌ មកចែកជូន ដើម្បីជួយសម្រួលជីវភាពបានមួយគ្រា នៅក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ថ្នាក់ដឹកនាំទាំង២ បានថ្លែងទៀតថា នេះក៏ជាពេលវេលាមួយដ៏មានសារៈសំខាន់ និងជាឱកាសបានចុះមកសួរសុខទុក្ខ សំណេះសំណាល និងបង្ហាញមុខដល់ក្មួយៗ និងប្រជាពលរដ្ឋ ដែលរូបឯកឧត្តម ជាវ តាយ ទើបបានចូលកាន់មុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន៤៨ថ្ងៃ។ ជាការពិតណាស់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែង ស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋពេញផ្ទៃប្រទេស ដោយឥតគិតថ្លៃ ហើយមិនត្រឹមតែប៉ុណ្ណោះ សម្តេចបានខិតខំធ្វើយ៉ាងណា ឱ្យប្រាក់ឈ្នួលកម្មករ កម្មការនី មានកម្រិតខ្ពស់ ក្នុងគោលបំណងរួមចំណែកកាត់បន្ថយភាពក្រីក្រ ទោះបីទើបក្រោកពីស្ថានភាពដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក្តី។

នៅក្នុងខេត្តពោធិ៍សាត់ ពិសេសនៅក្នុងស្រុកក្រគរ គិតមកដល់ពេលនេះ ឃើញថាមានរោងចក្រសំខាន់ៗជាច្រើន ដែលបាននឹងកំពុងដំណើរការយ៉ាងរលូន នេះមិនទាន់និយាយពីការបង្កើតឱ្យមានតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀតនៅឡើយ។ ដូច្នេះហើយបានជាការដាក់ចេញនូវយុទ្ធសាស្រ្ត ដោយយកស្រុកក្រគរធ្វើជាក្បាលរទេះភ្លើង ក្នុងការអភិវឌ្ឍន៍ យើងក៏មិនទាន់ស្កប់ស្កល់ នឹងបន្តគៀងគរអ្នកវិនិយោគបន្ថែមទៀត ដើម្បីបង្កើនរោងចក្រ និងស្រូបយកក្មួយៗទៅធ្វើការងារនៅទីនោះ បានកាន់តែច្រើន និងទទួលបានប្រាក់ឈ្នួល ទៅតាមជំនាញ និងកម្លាំងពលកម្ម។ ត្រង់ចំណុចនេះ សូមឱ្យក្មួយៗទាំងអស់ ត្រូវរួមគ្នាជួយថែរក្សា ការពារ ព្រោះថារោងចក្រនេះហើយ គឺជាឆ្នាំងបាយ ជាជង្រក់មិនចេះរីងស្ងួត ដោយមិនធ្វើចំណាកស្រុក និងមិនឃ្លាតឆ្ងាយពីក្រុមគ្រួសារ។

តាមរយៈនៃការសំណេះសំណាលនោះដែរ ថ្នាក់ដឹកនាំក៏បានអំពាវនាវដល់ក្មួយៗកម្មករ កម្មការនីទាំងអស់ គប្បីបង្កើនស្មារតី និងអនុវត្តជាប់ជាប្រចាំ នូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថាវ៉ាក់សាំងបង្កាជំងឺកូវីដ១៩ យើងមិនអាចធានាបានទាំងស្រុងនោះទេ កត្តាសំខាន់ត្រូវចេះការពារដោយខ្លួនឯង និងត្រូវរៀនរស់បែបគន្លងថ្មី ទើបរួចផុតពីជំងឺដ៏កាចសាហាវនេះ៕

Ti Amo (ពស)

អត្ថបទទាក់ទង