រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង នៅឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ស្រុកបាកាន (Video inside)

  • 779
  • ដោយ Admin
https://youtu.be/SeU7auAtXOY

(ពោធិ៍សាត់)៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» នៅបរិវេណវិទ្យាល័យពោធិ៍សាត់នោះរួចមក, ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត បានបន្តចុះជួបសំណេះសំណាល និងត្រួតពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងថា នេះគឺជាទឹកចុងរដូវ ទឹកនេះនឹងចាប់ផ្តើមអស់នៅចុងឆ្នាំ២០២១ខាងមុខ ហើយនៅពេលនេះភ្លៀងកំពុងតែមានខ្សោយបំផុត មានន័យថា ភ្លៀងធ្លាក់តិច ខ្យល់ជំនោរភូមិភាគឥសានក៏មកដល់។ ជាកស្តែងដូចជាស្ថានភាពជំនន់ទឹកភ្លៀងនេះ គឺហូរធ្លាក់មកពីស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ និងទំនប់បាកសាក់ នៃស្រុករុក្ខគីរី ខេត្តបាត់ដំបង បណ្តាលឱ្យរងផលប៉ះពាល់ដល់ដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ នៅឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ នៃស្រុកបាកាន ខេត្តពោធិ៍សាត់មួយចំនួនតូច។ បច្ចុប្បន្នទឹកមានការស្រកចុះជាបណ្តើរៗហើយ ក្នុងរយៈពេល ៣ទៅ៤ថ្ងៃទៀត បើពុំមានភ្លៀងធ្លាក់ខ្លាំងទេនោះ ទឹកក្នុងស្រែនឹងបន្តស្រកជាបន្តបន្ទាប់ ហើយក៏មិនធ្វើឱ្យប៉ះពាល់ ដល់ដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋធ្ងន់ធ្ងរនោះដែរ។ លោកប្រធានមន្ទីរ ក៏សូមស្នើដល់បងប្អូនប្រជាកសិករបិទស្ទាក់ទឹកទប់ឱ្យជាប់ ប្រសិនជាមិនខូចទេ យើងអាចបង្ហូរចេញ តែប្រសិនបើជាខូច យើងទប់ទឹកធ្វើការសាបព្រោះសារជាថ្មី។

លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងដែរថា ជាទូទៅបងប្អូនប្រជាពលរដ្ឋ នៅឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ គឺធ្វើស្រូវបានចន្លោះពី២ ទៅ៣ដង ក្នុងមួយឆ្នាំ ដែលភាគច្រើនពួកគាត់ប្រើពូជOM និង៥១ ជាពូជស្រូវដែលមានតម្លៃក្នុងទីផ្សារ។ ដូចក្នុងករណីជំនន់ទឹកភ្លៀងនេះក្តី រៀងរាល់ការស្នើសុំស្រូវពូជ ត្រូវមានការវាយតម្លៃពីមន្ទីរកសិកម្ម និងមានការវាយតម្លៃពីអាជ្ញាធរ​ ភូមិ ឃុំ រហូតដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុក ខេត្ត និងជាតិ។ មិនត្រឹមតែស្រូវពូជទេ គឺនៅមានគ្រាប់ពូជបន្លែជាច្រើនមុខទៀត ដែលត្រូវផ្តល់ជូន ដ៏រាបណាមានការប៉ាន់ប្រមាណ និងវាយតម្លៃនៃគ្រោះមហន្តរាយនេះត្រឹមត្រូវ។ លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ ប្រសិនបើមានទឹក គួរតែធ្វើស្រូវឱ្យបានច្បាស់លាស់ និងដាំដំណាំបន្លែឱ្យបានប្រសើរ ដើម្បីលើកស្ទួយជីវភាពគ្រួសាររបស់យើង។


ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រោយពីទទួលបានព័ត៌មានទាក់ទងនឹងជំនន់ទឹកភ្លៀង ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមក៏បានដឹកនាំមន្ទីរជំនាញចុះត្រួតពិនិត្យដោយផ្ទាល់ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយ នៅទីតាំងនៃឃុំទាំង២ខាងលើនោះភ្លាម។ នៅចំពោះមុខប្រជាកសិករ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា មិនយូរទេ ក្នុងរយៈពេល ៣ទៅ៤ថ្ងៃទៀត ទឹកក្នុងស្រែនឹងស្រកទៅវិញជាបណ្ដើរៗ ហើយយោងតាមរបាយការណ៍ពីមន្ទីរជំនាញ ស្ថានភាពទឹកនេះ ក៏មិនធ្វើឱ្យប៉ះពាល់ដល់ស្រែស្រូវ និងផលដំណាំរបស់បងប្អូនប្រជាកសិករធ្ងន់ធ្ងរនោះដែរ តែបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមឱ្យអាជ្ញាធរមូលដ្ឋាន ក្ដាប់សភាពការណ៍ឱ្យបាន ប្រសិនបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីឱ្យរដ្ឋបាលខេត្ត មានវិធានការណ៍ឆ្លើយតប និងធ្វើការដោះស្រាយបានភ្លាមៗ។ ចំពោះមន្ទីរជំនាញ ត្រូវពន្លឿនការដោះស្រាយស្តារប្រឡាយ និងត្រៀមស្រូវពូជសម្រាប់ធ្វើការស្ដារឡើងវិញ នៅពេលទឹកសម្រក៕

Ti Amo (ពស)

អត្ថបទទាក់ទង