រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលស្រុកកណ្តៀង សហការជាមួយរដ្ឋបាលក្រុងពោធិ៍សាត់ ក្រោមគំនិតផ្តួចផ្តើមពីព្រះមេគណខេត្ត ព្រមទាំងព្រះចៅអធិការ០៥វត្តផ្សេងទៀត បង្កើតពិធីបុណអុំទូកសាកល្បង ក្រោយពីស្ថានភាពកូវីដធូរស្បើយ

  • 401
  • ដោយ Admin

(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកកណ្តៀង សហការជាមួយរដ្ឋបាលក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យអុំទូកសាកល្បង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០២១ ក្រោយពីបានខកខានមួយរយៈ ដោយសារវិបត្តិកូវីដ។

ពីធីនេះត្រូវបានធ្វើឡើង នៅប្របមាត់ស្ទឹងពោធិ៍សាត់ ទល់មុខវត្តនទីមង្គល ( ហៅវត្តកំពង់ក្រសាំង) ស្ថិតក្នុងភូមិកំពង់ក្រសាំង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានការនិមន្ត និងអញ្ចើចូលរួម ពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ពិធីនេះកើតឡើងទៅបាន ក្រោមគំនិតផ្តួចផ្តើម ពីព្រះព្រហ្មាភិរ័ត កែវ រតនៈ កែវ កន ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ ដោយមានការសហការនិមន្តចូលរួម ពីព្រះគ្រូចៅអធិការវត្តចំនួន០៥ ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ រួមមាន៖ វត្តកញ្ជរខាងត្បូង វត្តបន្ទាយយួន វត្តកំពង់ក្រសាំង វត្តកែវសុវណ្ណ និងវត្តពោធិ៍សុវណ្ណរង្សី។

ការប្រារព្ធពិធីនេះឡើង គឺមិនមែនដើម្បីប្រគួតប្រជែង យកអ្នកចាញ់ យកអ្នកឈ្នះ ធ្វើការជ្រើសរើសជើងឯក ទៅប្រឡងប្រណាំងនៅថ្នាក់ជាតិនោះទេ ពោលគឺដើម្បីអបអរសាទរ និងធ្វើឱ្យមានភាពឱឡារិក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២១នេះ ក្រោយពីសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសបើកច្រកសេដ្ឋកិច្ចប្រទេសឡើងវិញ កាលពីថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ បន្ទាប់ពីខកខានប្រារព្ធ និងរងប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ រយៈពេលជិត២ឆ្នាំមកនេះ។

ហើយនេះក៏ដោយសារប្រទេសជាតិ មានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលពួកគេគ្រប់ស្រទាប់វណ្ណៈ អាចធ្វើដំណើរ ដើរហើរ កម្សាន្តគ្រប់ទិសទី តាមបំណងប្រាថ្នា ដោយរក្សាបាននូវការគោរពវិធានការសុខាភិបាល ក៏ដូចជាវិធានការ «បីកុំ បីការពារ» របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ទូកដែលចូលរួមប្រកួតប្រជែងសាកល្បង មានចំនួន០៤គូ ដែលក្នុងនោះរួមមាន៖
១-ទូកតេជោកែវវិជ័យ បារមីអ្នកអប់រំ

២-ទូកវាលសាឡឹមមានជ័យ បារមីកញ្ជរខាងត្បូង

៣-ទូកនទីមង្គលកម្ពុជ រតនៈមានជ័យ

៤-ទូកពោធិ៍សាត់សែនជ័យ បារមីក្រុងពោធិ៍សាត់

៥-ទូកទំព័រសុវណ្ណសែនជ័យ បារមីតាគ្រី

៦-ទូកតេជៈបារមីកែវជ័យ

៧-ទូកពោធិ៍សុវណ្ណរង្សី បារមីឃ្លាំងមឿង

៨-ទូកនទីសេដ្ឋាបុប្ផាស្បៃវែងសែនតេជៈ

ក្នុងឱកាសនោះ ទូកដែលទទួលបានជ័យលាភីលេខ១ គឺទូកនទីមង្គលកម្ពុជ រតនៈមានជ័យ ទទួលបានថវិកា១លាន និង១០ម៉ឺនរៀល, ជ័យលាភីលេខ២ គឺទូកវាលសាឡឹមមានជ័យ បារមីកញ្ជរខាងត្បូង ទទួលបានថវិកា១លានរៀល, ជ័យលាភីលេខ៣ គឺទូកតេជោកែវវិជ័យ បារមីអ្នកអប់រំ ទទួលបានថវិកា៩០ម៉ឺនរៀល និងជ័យលាភីលេខ៤ គឺទូកនទីសេដ្ឋាបុប្ផាស្បៃវែងសែនតេជៈ ទទួលបានថវិកា៨០ម៉ឺនរៀល។ ដោយឡែកទូកដែលមិនទទួលបានជ័យលាភី ក្នុងមួយទូក ទទួលបានថវិកា៦៥ម៉ឺនរៀលស្មើៗគ្នា៕

Ti Am (ពស)

អត្ថបទទាក់ទង