រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ប្រចាំខែតុលា ឆ្នាំ២០២១

  • 581
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តពោធិ៍សាត់ ប្រចាំខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំធំ ជាន់ទី១ សាលាខេត្ត។

កិច្ចប្រជុំនេះបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មេបញ្ជាការវរៈ៨២៥ វរៈ១ វរៈ៥០១ ប្រធានក្រុមការងារទំនាក់ទំនង កម្ពុជា-ថៃ និងអង្គភាពដែលមានការពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានា បានរាយការណ៍ពីសកម្មភាពការងារ និងបញ្ហាប្រឈមជូនអង្គប្រជុំនោះរួចមក, ក្នុងនាមអភិបាលខេត្ត និងក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ បានមានមតិបូកសរុប និងដាក់ផែនការ ដូចខាងក្រោម៖

១-មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវគ្រប់គ្រង រៀបចំ ចាត់ចែងថវិកាដែលរាជរដ្ឋាភិបាល បានឧបត្ថម្ភដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

២-បន្តដឹកនាំគ្រប់គ្រងស្ថានភាពកូវីដ១៩ នៅក្នុងខេត្ត និងត្រូវជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​កុំឱ្យ​មាន​ការ​ឆ្លង​រាលដាល ក្នុងពេលដែលរដ្ឋាភិបាល​ ​បើក​ដំណើរការ​សេដ្ឋកិច្ចប្រទេស​ឡើង​វិញ។ ចំពោះកង្វះខាតអុកស៊ីសែន​ ឯកឧត្តមនឹងឧបត្ថម្ភជូនតាមលទ្ធភាពជាក់ ដើម្បីបំពេញតម្រូវការរបស់មន្ទីរពេទ្យបង្អែក ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩។

៣-ករណីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព (គ្រឿងញៀន) អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់អនុវត្ត និងមានវិធានការយ៉ាងតឹងរឹង ក្នុងការទប់ស្កាត់ឱ្យខាងតែបាន ដើម្បីភាពសុខសាន្តក្នុងមូលដ្ឋានយើង ជាពិសេសក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលឆាប់ៗខាងមុខ។

៤-ចំពោះវិស័យព្រៃឈើ​ និងជលផល យើងត្រូវចូលរួមការពារទាំងអស់គ្នា និងបង្ក្រាបឱ្យខាងតែបាន ដោយត្រូវរួមគ្នាគិត រួមគ្នាធ្វើ​ និងរួមគ្នាទទួលខុសត្រូវ ជៀសវាងឃុបឃុត និងការពារបទល្មើសសម្រាប់ប្រយោជន៍។

៥-បញ្ហាដីធ្លី មន្ទីរជំនាញ ត្រូវចូលរួមសហការការពារ ដីទាំងអស់នោះ ទុកជាសម្បត្តិរដ្ឋ និងទុកជាប្រយោជន៍ទៅថ្ងៃខាងមុខ។

៦-ជុំវិញការចិញ្ចឹមត្រីឆ្តោរ អាជ្ញាធរក្រុង ស្រុក ពិសេសមន្ទីរជំនាញ ត្រូវត្រួតពិនិត្យឡើងវិញ ដោយស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយដល់ពួកគាត់ ឱ្យចិញ្ចឹមត្រីនោះ ដោយចំណីផលិតបាន មិនមែនយកកូនត្រីឱ្យស៊ីនោះទេ ធ្វើយ៉ាងណាឱ្យធនធានជលផលកើនឡើងវិញ។

៧-បញ្ហាទឹកជំនន់ ខេត្តពោធិ៍សាត់ឆ្នាំនេះ បានទទួលរងនូវឥទ្ធិពលទឹកជំនន់ ២លើករួចមកហើយ គឺនៅខែតុលា និងខែវិច្ឆិកានេះ តែជាមោទនភាព និងសំណាងដែរ ដែលមិនបណ្តាលឱ្យមានការជន់លិចធ្ងន់ធ្ងរ ប៉ះដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងរងគ្រោះថ្នាក់ដល់ពលរដ្ឋនោះទេ៕ 

Ti Amo (ពស)

អត្ថបទទាក់ទង