រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងចំពោះពលរដ្ឋ ជុំវិញសន្ទុះនៃទឹកជំនន់ ក្នុងកម្រិតប្រកាសអាសន្ន (Video inside)

  • 480
  • ដោយ Admin
https://youtu.be/QiIBY8FVeRU

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានត្រៀមរួចជាស្រេច នូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយណាមួយកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ខណៈដែលកំពុងទទួលរងប៉ះពាល់ដោយឥទ្ធិពលពីជើង នូវទ្រនុងសម្ពាធខ្ពស់ចិន ប្រសព្វនិងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក ទូលពីក្រោមឡើងលើ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចមុខសាលាខេត្ត និងកោះសំពៅមាស ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងយ៉ាងគំហុក ក្នុងកម្រិតប្រកាសអាសន្ន នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងខេត្ត សូមបញ្ជៀសទឹកនេះកុំឱ្យលិចលង់នៅក្នុងខេត្ត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងជន់លិចនេះ ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់តាមដានក្តាប់ព័ត៌មាន អំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង ០២ និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានកម្ពស់ ៥.១០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៣.១៧ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២.៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។ ចំពោះស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ ទឹកនៅនឹងរយៈពេលជិត៣ម៉ោងហើយ ដោយឡែកទឹកស្ទឹងនៅស្រុកភ្នំក្រវាញ ក៏ចាប់ផ្តើមស្រកចុះ កម្ពស់០.៣២ម៉ែត្រដែរ ហើយនៅក្រុងពោធិ៍សាត់ ទឹកស្ទឹងអាចនឹងស្រកចុះ ប្រហែលជាម៉ោង៥ល្ងាចនេះ ប្រសិនបើគ្មានភ្លៀងធ្លាប់ជាបន្តបន្ទាប់ នៅផ្នែកខាងលើ នៃស្រុកវាលវែង​ និងស្រុកភ្នំក្រវាញនោះទេ។

លោកប្រធានមន្ទីរបានបន្ថែមថា កាលពីព្រឹកមិញនេះ ក្នុងនាមមន្ទីរជំនាញ លោកបានចេញសេចក្តីជូនដំណឹងមួយ ដល់សាធារណជនឱ្យបានជ្រាប ពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើង ក្នុងកម្រិតប្រកាសអាសន្ន។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅតាមដឹងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀសប្រជាពលរដ្ឋដែលរងគ្រោះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានបន្តពិនិត្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ជុំវិញការរៀបចំតបណ្ដាញភ្លើងបំភ្លឺ នៅបរិវេណបុរីវប្បធម៌កោះសំពៅមាស ប្រភេទLED និងភ្លើងព័ណ៌ចម្រុះ ធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើង ក្រោយពីស្ថានភាពកូវីដបានធូរស្បើយ។ ជាមួយគ្នានោះ ឯកឧត្តម ជាវ តាយ និងលោកជំទាវ លាង ហៃ ជាវ តាយ ក៏បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង