រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

កម្មករ កម្មការិនីរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ជិត០២ពាន់នាក់ ដែលរស់នៅក្នុងឃុំចំនួន០៦ ក្នុងស្រុកក្រគរ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

  • 531
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ បានបន្តអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ក្មួយៗកម្មករ កម្មការនី រោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី មកពីឃុំក្បាលត្រាច ឃុំអន្សាចំបក់ ឃុំកំពង់លួង ឃុំកំពង់ពោធិ៍ ឃុំស្វាយស និងឃុំឈើតុំ សរុប១៩៨០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម ​មី០១កេស ត្រីខ០១យូ ទឹកត្រី០៦ដប ម៉ាស់០១ដុំ សាប៊ូ០២ដុំ និងថ្នាំសង្កូវមួយចំនួន។

ពិធីនេះត្រូវបានធ្វើឡើង នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រឹកនៅវិទ្យាល័យ ហ៊ុន សែន ក្រគរ និងល្ងាចនៅវត្តមុនីរង្សីទួលត្បែង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ឃុំ ជាច្រើនទៀត។

ឯកឧត្តម ជាវ តាយ និងឯកឧត្តម កែវ រតនៈ បាននាំនូវការសាកសួរសុខទុក្ខ និងផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេច តែងតែគិតគូរ និងយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្មួយៗជាកម្មករ កម្មការនី ដែលបាននឹងកំពុងធ្វើការងារ នៅក្នុងរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ីស្រុកក្រគរគ្រប់ៗគ្នា ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបានថ្លែងថា បើទោះបីជាក្មួយៗជាកម្មករ កម្មការនី ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ពិតជាទទួលបាននូវប្រាក់ឈ្នួលប្រចាំខែក៏ពិតមែន តែទោះជាយ៉ាងនេះក៏ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចនៅតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាព ជីវភាពរស់នៅ ដូចនេះហើយបានជាកាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលមានឯកឧត្តម ក្នុងនាមប្រធានកិតិ្តយស និងប្រធានគណៈកម្មាធិការសាខា មានឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកនូវអំណោយមនុស្សធម៌មកចែកជូន ដើម្បីជួយសម្រួលជីវភាពបានមួយគ្រា នៅក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩​។

ថ្នាក់ដឹកនាំទាំង២ បានថ្លែងថា នេះគឺជាពេលវេលាមួយដ៏មានសារៈសំខាន់ និងជាឱកាសបានចុះមកសួរសុខទុក្ខ សំណេះសំណាល និងបង្ហាញមុខដល់ក្មួយៗ និងប្រជាពលរដ្ឋ ដែលរូបលោកទើបបានចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមួយខែ និងមួយថ្ងៃ។ ជាការពិតណាស់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែង ដោយធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលកម្មករ កម្មការនី មានកម្រិតខ្ពស់ ក្នុងគោលបំណងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ 

នៅក្នុងខេត្តពោធិ៍សាត់ ពិសេសនៅក្នុងស្រុកក្រគរ គិតមកដល់ពេលនេះ ឃើញថាមានរោងចក្រសំខាន់ៗជាច្រើន ដែលបាននឹងកំពុងធ្វើការយ៉ាងរលូន ដូចនេះបានជាការដាក់ចេញនូវយុទ្ធសាស្រ្ត ដោយយកស្រុកក្រគរធ្វើជាក្បាលរទេះភ្លើង ក្នុងការអភិវឌ្ឍន៍ ហើយយើងក៏មិនទាន់ស្កប់ស្កល់ នឹងបន្តគៀងគរអ្នកវិនិយោគបន្ថែមទៀត ដើម្បីបង្កើនរោងចក្រ និងស្រូបយកក្មួយៗទៅធ្វើការងារនៅទីនោះ បានកាន់តែច្រើន និងទទួលបានប្រាក់ឈ្នួល ទៅតាមជំនាញ និងកម្លាំងពលកម្ម។ ត្រង់ចំណុចនេះ សូមឱ្យក្មួយៗទាំងអស់ ត្រូវរួមគ្នាជួយថែរក្សា ការពារ ព្រោះថារោងចក្រនេះហើយ គឺជាឆ្នាំងបាយ ជាជង្រក់មិនចេះរីងស្ងួត ដោយធ្វើចំណាកស្រុក និងមិនឃ្លាតឆ្ងាយពីក្រុមគ្រួសារ។

ថ្នាក់ដឹកនាំទាំង២ ក៏បានលើកឡើងពីការខិតខំប្រឹកប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋពេលផ្ទៃប្រទេស និងបានអំពាវនាវដល់ក្មួយៗកម្មករ កម្មការនីទាំងអស់ គប្បីបង្កើនស្មារតី ក្នុងការអនុវត្តវិធានសុខាភិបាលជាប់ជាប្រចាំ និងត្រូវរៀនរស់តាមបែបគន្លងថ្មី ព្រោះថាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ យើងមិនអាចធានាបានទាំងស្រុងនោះទេ៕

Ti Amo (ពស)

អត្ថបទទាក់ទង