រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ជាវ តាយ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនក្មួយៗកម្មករ កម្មការិនីរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ដែលរស់នៅស្រុកកណ្តៀង

  • 653
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ក្មួយៗកម្មករ កម្មការនី រោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ដែលមានលំនៅដ្ឋានក្នុងស្រុកកណ្តៀង ចំនួន៥១៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម ​មី០១កេស ត្រីខ០១យូ និងទឹកត្រី០៦ដប។

ពិធីនេះ ត្រូវបានធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ឃុំ ជាច្រើនទៀត។

លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកកណ្តៀង បានថ្លែងនូវការស្វាគមន៍ និងជម្រាបជូនអំពីស្ថានភាព និងសក្តានុពលក្នុងស្រុក ដោយបានលើកឡើងថា ស្រុកកណ្តៀង មាន០៩ឃុំ ១១០ភូមិ មានផ្ទៃដី៧៣ពាន់ហិកតា ប្រជាពលរដ្ឋជាង៦៨ពាន់នាក់ និងជាង១៧ពាន់គ្រួសារ ចែកជា០៣តំបន់ គឺតំបន់០១ ជាដីលំនៅដ្ឋាន និងកសិកម្ម មានជិត៣៦ពាន់ហិកតា ដីតំបន់០២ ជិត០៤ពាន់ហិកតា និងតំបន់០៣ ជាង៣៣ពាន់ហិកតា។ ប្រជាពលរដ្ឋមានមុខរបរកសិកម្ម សិប្បកម្ម សេវាកម្ម និងនេសាទ។ ដោយសារសង្គមជាតិប្រឈមនឹងជំងឺកូវីដ១៩ ឃើញថាប្រជាពលរដ្ឋ ទទួលបានវ៉ាក់សាំង ចាប់ពីអាយុ១៨ឆ្នាំឡើង ទៅចំនួន៤៥,៩៨៩នាក់, កុមារចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួន៧,៩១៦នាក់ និងកុមារចាប់ពីអាយុ០៥ឆ្នាំ ក្រោម៦ឆ្នាំ ចំនួន៩១៣នាក់។

ឯកឧត្តម ជាវ តាយ និងឯកឧត្តម កែវ រតនៈ បាននាំនូវការសាកសួរសុខទុក្ខ និងផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេច តែងតែគិតគូរ និងយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្មួយៗជាកម្មករ កម្មការនី ដែលបាននឹងកំពុងធ្វើការងារ នៅក្នុងរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ីស្រុកក្រគរគ្រប់ៗគ្នា ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបានថ្លែងថា ក្មួយៗជាកម្មករ កម្មការនីដែលបាននឹងកំពុងបម្រើការងារនៅក្នុងរោងចក្រ ពិតជាទទួលបាននូវប្រាក់ឈ្នួលប្រចាំខែ តែទោះជាយ៉ាងនេះក៏ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាព ជីវភាពរស់នៅ ដូចនេះហើយបានជាកាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលមានឯកឧត្តម ក្នុងនាមប្រធានកិតិ្តយស និងប្រធានគណៈកម្មាធិការសាខា មានឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកនូវអំណោយមនុស្សធម៌មកចែកជូន ដើម្បីជួយសម្រួលជីវភាពបានមួយគ្រា នៅក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩​។

ថ្នាក់ដឹកនាំទាំង២ បានថ្លែងថា នេះគឺជាពេលវេលាមួយដ៏មានសារៈសំខាន់ និងជាឱកាសបានចុះមកសួរសុខទុក្ខ សំណេះសំណាល និងបង្ហាញមុខដល់ក្មួយៗ និងប្រជាពលរដ្ឋ ដែលរូបលោកទើបបានចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមួយខែពេញ។ ជាការពិតណាស់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែង ដោយធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលកម្មករ កម្មការនី មានកម្រិតខ្ពស់ ក្នុងគោលបំណងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ 

នៅក្នុងខេត្តពោធិ៍សាត់ ពិសេសនៅក្នុងស្រុកក្រគរ គិតមកដល់ពេលនេះ ឃើញថាមានរោងចក្រសំខាន់ៗជាច្រើន ដែលបាននឹងកំពុងធ្វើការយ៉ាងរលូន ដូចនេះបានជាការដាក់ចេញនូវយុទ្ធសាស្រ្ត ដោយយកស្រុកក្រគរធ្វើជាក្បាលរទេះភ្លើង ក្នុងការអភិវឌ្ឍន៍ និងគៀងគរអ្នកវិនិយោគបន្ថែមទៀត ដើម្បីបង្កើនរោងចក្រ និងស្របយកក្មួយៗទៅធ្វើការងារនៅទីនោះ បានកាន់តែច្រើន និងទទួលបានប្រាក់ឈ្នួល ទៅតាមជំនាញ និងកម្លាំងពលកម្ម។ ត្រង់ចំណុចនេះ សូមឱ្យក្មួយៗទាំងអស់ ត្រូវរួមគ្នាជួយថែរក្សា ការពារ ព្រោះថារោងចក្រនេះហើយ គឺជាឆ្នាំងបាយ ជាជង្រក់មិនធ្វើចំណាកស្រុក និងមិនឃ្លាតឆ្ងាយពីក្រុមគ្រួសារ។

ហើយគោលដៅចម្បង នាពេលខាងមុខ ក្រុមការងារ និងរដ្ឋបាលខេត្ត បានប្តេជ្ញារួមគ្នាធ្វើការអភិវឌ្ឍន៍ទន្លេអុំ ដែលស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង នេះឡើងវិញ ដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍មួយយ៉ាងល្អ និងកាន់តែលេចធ្លោរ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្តបន្ទាប់ពីតំបន់ផ្សេងៗទៀត។ តាមរយៈនៃការសំណេះសំណាលនោះដែរ ថ្នាក់ដឹកនាំក៏បានអំពាវនាវដល់ក្មួយៗកម្មករ កម្មការនីទាំងអស់ គប្បីបង្កើនស្មារតី និងអនុវត្តជាប់ជាប្រចាំ នូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ យើងមិនអាចធានាបានទាំងស្រុងនោះទេ កត្តាសំខាន់ត្រូវចេះការពារ ដោយខ្លួនឯង និងត្រូវរៀនរស់បែបគន្លងថ្មី ទើបរួចផុតពីជំងឺ និងឈានទៅបើកប្រទេស និងសេវាកម្មផ្សេងៗឡើងវិញជាបន្តបន្ទាប់៕      

 Ti Amo (ពស)

អត្ថបទទាក់ទង