រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រាជរដ្ឋាភិបាល ខិតខំតម្លើងប្រាក់គោល សម្រាប់ឆ្នាំ២០២២ ដល់កម្មករកម្មការិនីទូទាំងប្រទេស, តែដោយវិបត្តិកូវីដ ធ្វើឱ្យអ្នកវិនិយោគត្រូវបានបិទ ហើយផលិតផលមួយចំនួនប្រឈមនឹងការនាំចេញ

  • 440
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការសាខា នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានលើកឡើងស្រដៀងៗគ្នាថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងតម្លើងប្រាក់គោល សម្រាប់ឆ្នាំ២០២២ ដល់កម្មករកម្មការិនីទូទាំងប្រទេស ដើម្បីលើកស្ទួយជីវភាពរស់នៅ ក៏ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ធ្វើឱ្យអ្នកវិនិយោគមួយចំនួនត្រូវបានបិទ ហើយផលិតផលមួយចំនួន ក៏ត្រូវបានជួបបញ្ហាប្រឈមក្នុងការនាំចេញ ដូច្នេះហើយសូមឱ្យក្មួយៗកម្មករកម្មការិនី ផ្តល់នូវការយោគយល់ដល់រាជរដ្ឋាភិបាល ក្នុងកាលៈទេសៈនេះផង។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងបែបនេះ នៅសាលាបឋម និងអនុវិទ្យាល័យពុទ្ទ្រាម ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ មកចែកជូនកម្មករកម្មការិនី រោងចក្រតៃអ៊ីហ្សី ចំនួន៧៨៣នាក់ ក្នុងឃុំអូរសណ្តាន់ ស្រុកក្រគរ ដោយបានការអញើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងក្រុមការងារជាច្រើនរូបទៀត។

ឯកឧត្តម ជាវ តាយ និងឯកឧត្តម កែវ រតនៈ បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗកម្មករកម្មការិនី ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ថ្នាក់ដឹកនាំទាំង២បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងតម្លើងប្រាក់គោល សម្រាប់ឆ្នាំ២០២២ ដល់កម្មករកម្មការិនីទូទាំងប្រទេស ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យបានមួយកម្រិត ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ដូចក្មួយៗបានដឹងហើយថា ដោយសារវិបត្តិកូវីដ១៩ ធ្វើឱ្យអ្នកវិនិយោគធំៗមួយចំនួនត្រូវបានបិទ ហើយផលិតផលមួយចំនួនទៀតនោះ ត្រូវបានជួបបញ្ហាប្រឈមក្នុងការនាំចេញ ក៏ប៉ុន្តែបណ្តាប្រទេសសហគមន៍អឺរ៉ុបមួយចំនួន ក៏នៅតែបន្តទទួលទិញផលិតផលយើង ដែលនេះគឺជាមោទនៈភាពខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានពុះពារគ្រប់ឧបសគ្គ ក្នុងអំឡុងវិបត្តិនៃការីករាលដាលជំងឺដ៏កាចសាហាវនេះ។

ថ្នាក់ដឹកនាំទាំង២ បានថ្លែងទៀតថា អ្វីដែលសំខាន់ទៀតនោះ គឺជោគជ័យធំបំផុតក្នុងការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលកិច្ចការទាំងអស់នេះត្រូវបានការទទួលស្គាល់ ពីបណ្តាប្រទេសជិតខាង ធ្វើឱ្យជំងឺនេះមានការថមថយ និងគ្រោងបើកប្រទេសឡើងវិញនាពេលឆាប់ៗខាងមុខ។

អំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ចែកជូនកម្មករកម្មការិនី ទាំង៧៨៣នាក់ ក្នុងម្នាក់ៗទទួលបានអង្គរ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ម៉ាស់១ប្រអប់ និងថ្នាំសង្កូវមួយចំនួន។ ដោយឡែកនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ស្អែកនេះ ក៏មានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ចែកជូនកម្មករកម្មការិនី ពេលព្រឹក នៅអនុវិទ្យាល័យបឹងកន្ទួត ឃុំបឹងកន្ទួត និងពេលរសៀល នៅរោងចក្រខ្សែកាប ឃុំស្នាអន្សាផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង