រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សម្ដេចក្រឡាហោម ស ខេង៖ ខេត្តធំ ឬ តូច មិនសំខាន់ អ្វីដែលសំខាន់គឺស្ថិតនៅលើការដឹកនាំដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍

  • 804
  • ដោយ Admin

(ពោធិ៍សាត់)៖ ការប្តូរអភិបាលខេត្តមិនបានផ្អែកទៅលើខេត្តធំ ឬខេត្តតូចនោះទេ អ្វីដែលសំខាន់គឺស្ថិតនៅលើការដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍន៍ ព្រោះអភិបាលខេត្តមានឋានៈ តួនាទី និងការទទួលខុសត្រូវដូចគ្នា។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តពោធិ៍សាត់។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា គោលការណ៍ដែលបានចែងនៅក្នុងច្បាប់ ពុំមានបែងចែកខេត្តធំឬខេត្តតូចនោះទេ បើទោះបីខេត្តប៉ៃលិន ខេត្តកែប ខេត្តកោះកុង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ឬខេត្តមណ្ឌលគិរីដែលមានតែមួយអាសនៈ ក៏ដោយ ប៉ុន្តែអភិបាលខេត្តនីមួយៗមានឋានៈ តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវដូចគ្នា។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា ដូច្នេះអភិបាលខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ និងរីកចម្រើន ក្នុងនោះខេត្តត្រូវផ្តល់សេវាសារធារណៈ ការបំរើប្រជាពលរដ្ឋ ព្រមទាំងការទទួលខុសត្រូវធ្វើគណនេយ្យភាពជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឱ្យបានល្អ ដែលនោះទើបជាចំណុចគន្លឹះស្នូលដ៏សំខាន់។

ក្នុងឱកាសនោះផងដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អភិបាលរងខេត្ត រដ្ឋបាលគ្រប់ជាន់ថ្នាក់ ក៏ដូចជា មន្ទីរអង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំង ប្រជាពលរដ្ឋ ត្រូវគាំទ្រ និងចូលរួមជាមួយ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលពោធិ៍សាត់ថ្មី ដើម្បីឯកឧត្តម មានលទ្ធភាពបន្ដបេសសកម្ម ពីឯកឧត្តម ម៉ៅ ធនិន ក្នុងការដឹកនាំអភិបាលខេត្តពោធិ៍សាត់ កាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋនៅជុំវិញខេត្តរស់នៅដោយមានសេចក្ដីសុខ៕

Ti Amo (ពស)

អត្ថបទទាក់ទង