រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម ជាវ តាយ ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលត្រូវទទួលបានភារកិច្ចថ្មី ជាអភិបាលខេត្តកំពត

  • 580
  • ដោយ Admin

(ពោធិ៍សាត់)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតផ្ទេរភារកិច្ច ជាអភិបាលនៃគណៈអភិបាលខេត្តកំពតវិញ។

ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ស្រុក ឃុំ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការការពារជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតែង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧ ដែលក្នុងនោះរួមមាន៖
ទី១៖ ឯកឧត្តម ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី២៖ ឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង
ទី៣៖ ឯកឧត្តម ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី
ទី៤៖ ឯកឧត្តម ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត
ទី៥៖ ឯកឧត្តម ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់
ទី៦៖ ឯកឧត្តម សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង
ទី៧៖ ឯកឧត្តម ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ
ទី៨៖ ឯកឧត្តម ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី។

ការផ្ទេរ​ភារកិច្ច​អភិបាល​ខេត្ត ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ​គឺជា​នីតិវិធី​មួយ​ល្អ​ដែរ ​ដើម្បី​ឱ្យ​ចៅហ្វាយ​ខេត្ត​នោះ បានផ្លាស់​ប្តូរ​បទពិសោធ​គ្នា​ទៅវិញ​ទៅ​មក ហើយការផ្លាស់​ប្តូរ​នេះទៀតសោធ អាចជួយ​ជំរុញ​ឱ្យ​មាន​ការរីក​ចម្រើនជាងមុនបន្ថែមទៀត៕

Ti Amo (ពស)

អត្ថបទទាក់ទង